ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីតូចតាច ពីការលក់-ទិញសត្វគោ ក្របី នៅខេត្តព្រៃវែង កំពុងត្រូវបាន ក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ ចាប់ច្របាច់ ក ទៀតហើយ នាំគ្នារអ៊ូររទាំត្អូញត្អែរថា ពួកគាត់កំពុង «លៀនអណ្តាត» ហើយ ដោយសារក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ គាបសង្កត់ជំរិត «រឹតក» យកថ្លៃសោហ៊ុយសេវាកម្មខ្ពស់ហួសហេតុស្រេចតែនឹងចិត្ត ក្នុងការលក់សត្វគោ ក្របីចេញទៅប្រទេសវៀតណាម បានប្រាក់យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ពោលគឺសត្វគោតូចក្នុង១ក្បាលត្រូវក្រុមហ៊ុនយកលុយ៥ម៉ឺនរៀល សត្វគោធំ១ក្បាលចំនួនពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល សត្វក្របីតូច១ក្បាលចំនួន៨ម៉ឺនរៀល និងសត្វក្របីធំ១ក្បាលចំនួន១១ម៉ឺនរៀល ខណៈភាស៊ីបេនដែលមានតម្លៃត្រឹម២ ០០០រៀល ក៏ត្រូវក្រុមហ៊ុនជំរិតយករហូតដល់៥ ០០០រៀល។ រហូតមកដល់បច្ចុប្បន្ននេះ គឺខាងក្រុមហ៊ុន លោកឧកញ៉ា ជឹម សុខ នៅតែបន្តឡើងបន្ថែមទៀត។
ក្រុមប្រជាពរដ្ឋដែលជាអ្នក រកស៊ីតូចតាច ក៏បានត្អូញត្អែ បន្តថា ក្រុមហ៊ុន លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើអោយជីវភាព ប្រជាពលរដ្ឋ ធ្លាក់ចុះ ដុនដាប ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ ការតម្លើងថ្លៃ ស្រេចតែចិត្ត ទៅលើ សត្វ គោ ក្របី នាំទៅលក់នៅប្រទេសវៀតណាម។
ក្រុមប្រជាពលរដ្ឋបន្តថា សព្វថ្ងៃខាងក្រុមហ៊ុនលែងចង់ចេញសំបុត្រឲ្យហើយ គឺគ្រាន់តែរាប់ចំនួនក្បាលសត្វគោ ក្របីរួចហើយគិតលុយជាការស្រេច ដោយអនុវត្តរូបមន្ត តម្រូវឲ្យក្រុមប្រជាពលរដ្ឋបង្ខំចិត្តលក់សត្វគោ ក្របីឲ្យទៅក្រុមហ៊ុនផ្តាច់មុខតែម្តង។
ក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការនាំចូលសត្វជ្រូកក្រហមជាង២០០ក្បាលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកឡែម ខេត្តបាត់ដំបង មានភាពមិនប្រក្រតី ហើយត្រូវបានសមត្ថកិច្ចស្ទាក់បង្ក្រាបចាប់បាននៅត្រង់ចំណុចមុខវត្តអន្លង់ក្ងាន ឋិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
ពាក់ព័ន្ធករណីខាងលើនេះ មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ បាននៅឡើយទេ៕ ដោយ ៖ កក្កដា