ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយ បានសហការជាមួយក្រុមហ៊ុនមកពីកាណាដា ដើម្បីចរចាកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក D ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍រួចហើយ។
លោក ជៀប សួរ អគ្គនាយក នៃនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សន្និបាតបូកសរុបការងារក្រសួងរ៉ែ និងថាមពល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ថា ការចរចាកិច្ចព្រមព្រៀងប្រេងកាត នៅក្នុងប្លុក D នេះ គឺមានក្រុមហ៊ុនមកពីប្រទេសចិនមានដៃគូ មានបទពិសោធន៍ខ្ពស់ មកពីប្រទេសកាណាដា ដែល ទើបតែបានគោលការណ៍ ពីប្រមុខរដ្ឋាភិបាល ក្នុងការរៀបចំក្រុមការងារអន្តរក្រសួង។
លោកអគ្គនាយកបានបញ្ជាក់ថា មានក្រុមហ៊ុនមួយមកពីប្រទេសម៉ាឡេស៊ី ក៏ចង់វិនិយោគអណ្តូងប្រេងកាតនៅប្លុក C ហើយលោកថា ការងារនេះ ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចរចាលើកិច្ចព្រមព្រៀងប្រេងកាតនេះ ជិតចប់ដែរហើយ ប៉ុន្តែដោយសារក្នុងរយៈពេលកន្លងមកនេះ ថ្លៃប្រេងកាតធ្លាក់ចុះ ហើយក្រុមហ៊ុនដែលមកចរចាជាមួយកម្ពុជា មានការរវល់នៅប្រទេសម៉ាឡេស៊ី ដូច្នេះមានការផ្អាកមួយរយៈ ប៉ុន្តែតាមកិច្ចទំនាក់ទំនងគ្នា នឹងបន្តកិច្ចចរចានេះនៅខែមេសា ឆ្នាំនេះបន្តទៀត៕ ដោយ៖បញ្ញាស័ក្តិ