ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងបែងចែកការងារគ្នាជាមួយក្រសួងសាធារណការលើការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤អោយល្អប្រសើរឡើងឡើងវិញ តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការខូចខាតមួយចំនួននិងបង្កអោយមានការកកស្ទះចរាចរផងដែរនោះ។
ការសម្រេចអោយមានការបែកចែកការងារគ្នាធ្វើលើបណ្តោយផ្លូវមួយខ្សែនេះត្រូវបានបង្ហាញអោយដឹងក្នុងកិច្ចប្រជុំមួយជាមួយតំណាងក្រសួងសាធារណការនិងដឹកជញ្ជូនរួមជាមួយមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជម្រុញការបែងចែកការងារជុំវិញ ការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ឡើងវិញ កាលពីព្រឹកថ្ងៃទី២៤តុលានេះ ដែលកិច្ចប្រជុំនេះ អភិបាលរាជធានី លោកឃួង ស្រេង ជាអធិបតី។
លោកម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការបើកអោយមានកិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកគ្នាអោយដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណាដល់ចំណុចណាដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវនិងអូសបន្លាយពេលវេលា ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
លោកម៉េត មាសភក្តីបានបន្តថា ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ក្នុងចំណាយផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ដែលគ្រោងនឹងធ្វើការជួសជុលឡើងវិញនេះមានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ។ លោកបន្តថា ការសម្រេចអោយមានការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ឡើងវិញនេះធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រកាលពីថ្ងៃ១៨តុលាកន្លងមកនេះ។ ចំពោះចំណុចផ្លូវដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូលចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាសដីហុយ ការដ្ឋានក្រុមហ៊ុនប៊ូ យ៉ុង សង្កាត់ទឹកថ្លានិងនៅមុខក្រសួងការងារ។
លោកម៉េត មាសភក្តីបានបញ្ជាក់ថា តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះត្រូវពឹងលើថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញនឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះអោយបាន ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋតបតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖កូឡាប