ភ្នំពេញ ៖ មានកូនខ្មែររូប បានចូល Comment នៅក្នុងផេក Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដោយសួរថា «ពុក ! គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយ អត់ទាន់បានចាក់ទេ? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងឆ្លើយតបទៅកាន់កូនខ្មែររូបនេះ និងប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ថា សូមរង់ចាំទៅតាមលំដាប់លំដោយសិន ដោយសារគ្រូពេទ្យយើងមានចំនួនតិច ឯអ្នកចាក់វ៉ាក់សាំងមានចំនួនច្រើន សុំការយោគយល់។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្តេជ្ញាថា រាជរដ្ឋាភិបាល ត្រៀមចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតដល់ ២០លានដូសឯណោះ ដូច្នេះប្រជាពលរដ្ឋដែលគ្រប់អាយុ ត្រូវចាក់វ៉ាក់សាំងនោះ រំពឹងថាមិនមានការខ្វះខាតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភរឿងថា អត់បានចាក់វ៉ាក់សាំងនោះ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់ចែងក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងកងទ័ព សំរុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈការបញ្ជាទិញវ៉ាក់សាំង និងជំនួយវ៉ាក់សាំង ក៏មានជាហូរហែ ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។
នៅពេលថ្មីៗនេះទៀតសោត អនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុន សែនគ្រូពេទ្យកងទ័ព សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមយ៉ាងមមាញឹក ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះមក។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួន សរុប ១,៧៧៥,០៦១នាក់ ខណៈអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស មិនមានការថមថយនៅឡើយទេ ជាពិសេស ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានការឆ្លងកូវីដ-១៩ កើនឡើងគួរឲ្យព្រួយបារម្ភ៕ រក្សាសិទ្ធិដោយ : ពិសិដ្ឋ CEN