Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ អំពាវនាវឲ្យគ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតី សាមគ្គីភាពល្អ យកចិត្តទុកដាក់ អប់រំសីលធម៌ និង ប្រពៃណីទំនៀមទម្លាប់ល្អ ប្រកបដោយមនសិការ

ភ្នំពេញ ៖ សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ២០២១ ក្រោមប្រធានបទ “កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ”។

នៅក្នុងឱកាសដ៏មហោឡារិកនៃ ទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ជា រៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមសម្ដែងនូវការអបអរសាទរនិងគាំទ្រយ៉ាង ក្លៀវក្លាចំពោះការប្រារព្ធទិវាអន្តរជាតិដ៏មានសារៈសំខាន់នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំនេះ យើង ប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារនេះ ក្រោមប្រធានបទ “កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់តួនាទីគ្រួសារ » ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថាកម្លាំងសេវាសង្គម គឺជាក្រុមជនអ្នកមាន ជំនាញផ្នែកផ្តល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាលយុត្តិធម៌ ការងារ និងការគ្រប់គ្រងមូលដ្ឋាន ក្នុងការជួយគាំទ្រដល់គ្រួសារ ពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាពដែលជាកត្តាជំរុញក្នុងការរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជាស្របពេលកម្ពុជាកំពុងអនុវត្ត យ៉ាងសកម្ម និងទទួលផលពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយ នេះ កំពុងផ្តោតជាចម្បងដល់ការលើកកម្ពស់ជីវភាពគ្រួសារតាមរយៈការផ្តល់មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានា រ៉ាប់រងសុខភាព និងការឧបត្ថម្ភសាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងគ្រោះនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មនុស្សវ័យចាស់ គ្មានទីពឹង ជនពិការក្រីក្រ។ល។

ក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ដូចបណ្ដាឆ្នាំ កន្លងទៅទេដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាលដាលយ៉ាងស្រួចស្រាវ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈដែលតម្រូវឱ្យមានការចូលរួមសហការទាំងអស់គ្នាក្នុងការទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាព ពិភពលោក និងក្រសួងសុខាភិបាល ។ អស់រយៈពេលជាង១ឆ្នាំមកនេះ ការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការបំប្លែង ខ្លួនជាមេរោគប្រភេទថ្មីផងនោះ បាននឹងកំពុងរាតត្បាតយ៉ាងស្រួចស្រាវ និងជះឥទ្ធិពលជាអវិជ្ជមានមកលើសង្គម សេដ្ឋកិច្ចនិងការរស់នៅរបស់ប្រជាជន ជាពិសេសក្រុមជនងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ ជនពិការ និងស្ត្រីនៅតាម បណ្តាប្រទេសនានាក្នុងពិភពលោក ទាំងក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជាយើង។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចហ៊ុន សែន សូមសម្ដែងនូវការកោតសរសើរនិងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារ ទាំងឡាយ ជាពិសេសគឺលោកឪពុកនិងអ្នកម្តាយទាំងឡាយ ដែលតែងតែពលិកម្មនិងលះបង់គ្រប់បែបយ៉ាងក្នុងការ ចិញ្ចឹមបីបាច់ថែរក្សាកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំង ការចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សានិងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ ការសណ្តោស ប្រណ៏ និងការគោរពច្បាប់ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសម ជាឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ និងសម្បូរបែបនៅលើសកលលោកតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ ក្នុងស្មារតីដ៏ប្រពៃនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អ ផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងបន្តលើកកម្ពស់មនសិការទទួលខុសត្រូវក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកសង្គមមួយប្រកប ដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព ភាពរុងរឿង និងសុខដុមនីយកម្ម។ ជាពិសេសនៅក្នុងដំណាក់ កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រួសារបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអប់រំកូនចៅក្នុងការរស់នៅ តាមបែបគន្លងថ្មី ការបង្ការទប់ស្កាត់ការរីករាលដាលតាមរយៈការអនុវត្តវិធាននានារបស់សុខាភិបាល ការទប់ស្កាត់ សកម្មភាពជាហានិភ័យផ្សេងៗទៀតដែលអាចកើតមានជាយថាហេតុក្នុងដំណាក់កាលកូវីដ-១៩ ដូចជាការបៀតបៀន ឬរំលោភបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន ការរងគ្រោះថ្នាក់ ដោយលង់ទឹក គ្រោះថ្នាក់ផ្សេងៗ។ល។

នៅក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ គ្រួសារគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្ស គ្រប់រូប ព្រោះមនុស្សគ្រប់គ្នារស់នៅលូតលាស់អភិវឌ្ឍនៅក្នុងគ្រួសារដោយមានលោកឪពុក អ្នកម្តាយគឺជាអ្នកអប់រំ និង ជាគ្រូបង្រៀនដំបូងរបស់កុមារ ដូច្នេះតួនាទីរបស់ពួកគេក្នុងការបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្សដែលកំពុងលូតលាស់ គឺធំធេងណាស់។ ព្រមជាមួយគ្នានេះផងដែរគ្រួសារមួយគឺជាសមូហភាពមួយដែលសមាជិកត្រូវបានផ្សារភ្ជាប់គ្នាដោយ ការទទួលខុសត្រូវជាក់លាក់ក្នុងនាមជាសមាជិកនៃសហគមន៍គ្រួសារកុមារក៏ចូលក្នុងប្រព័ន្ធនៃទំនាក់ទំនងដែលមាន ស្រាប់តាមរយៈការដែលគាត់បានយល់ពីបទដ្ឋាននឥរិយាបទសង្គម។ មិនថាបទពិសោធដំបូងនៃការប្រាស្រ័យទាក់ទង របស់កុមារជាមួយមនុស្សពេញវ័យនៅក្នុងប្រព័ន្ធទំនាក់ទំនងរវាងមនុស្សពេញវ័យនិងកុមារ គឺមានភាពវិជ្ជមានអាស្រ័យ លើទស្សនៈសុខុមនៃការអប់រំដំបូងរបស់ពួកគេនៅក្នុងគ្រួសារ។ ជាក់ស្ដែងប្រទេសមួយមានការរីកចម្រើនទៅបានលុះ ត្រាតែប្រជាជនគ្រប់រូបមានគ្រួសារល្អ មានសុភមង្គល មានជីវភាពរស់នៅសមរម្យ ដោយសមាជិកគ្រួសារម្នាក់ៗមាន ចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ផ្ទុយទៅវិញ ប្រសិនបើការរៀបចំគ្រួសារមួយមិនបានល្អធ្វើឱ្យគ្រួសារមិនមានសុភមង្គល មានអំពើហិង្សាសមាជិកក្នុងគ្រួសារមិនបានទទួលភាពកក់ក្តៅ និងមិនមានការយកចិត្តទុកដាក់ ហើយសេដ្ឋកិច្ចគ្រួសារត្រូវជួបនូវការលំបាកជាច្រើនដែលកត្តានេះ នឹងបង្កបញ្ហាដល់សង្គមជាតិ ហើយក៏ជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ ក្នុងន័យនេះ ដើម្បីធ្វើឱ្យសង្គម ជាតិមួយមានការរីកចម្រើនប្រកបដោយចីរភាពនោះ គ្រួសារនីមួយៗត្រូវបន្តលើកកម្ពស់ការថែទាំ ការអប់រំទូន្មានប្រៀន ប្រដៅ និងការបណ្តុះបណ្តាលដល់សមាជិកក្នុងគ្រួសារគ្រប់រូបឱ្យមានអត្តចរិតល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពង់ខ្ពស់ក្នុងការកសាងជីវភាពរស់នៅសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានឆន្ទៈមោះមុតចូលរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថិរភាពនយោបាយ និងរក្សានូវតម្លៃនៃវប្បធម៌ ប្រពៃណី ជាតិ។

កន្លងមករាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែង ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការកសាងនូវ គោលនយោបាយជាច្រើន ដូចជាគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន និងក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បាន ដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជាការ ផ្ដល់ការអន្តរាគមន៍ដល់គ្រួសារក្រីក្រ ក្នុងការរក្សានូវលំនឹងជីវភាពរស់នៅនិងការរក្សាបាននូវសិទ្ធិរស់រានប្រកបដោយ ភាពសមស្របមួយក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងរងនូវគ្រោះ ដោយការទន្ទ្រានពីជំងឺឆ្លងយ៉ាងកាចសាហាវ។ ទន្ទឹមនឹងការយកចិត្តទុកដាក់ជាមួយនឹងស្ថានភាពរស់នៅរបស់គ្រួសារនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តដាក់ជាមួយ សុខុមាលភាពរបស់ប្រជាជនជាមួយនឹងការទប់ស្កាត់មិនឱ្យមានការឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើយុទ្ធនាការផ្តល់ វ៉ាក់សាំងនិងការចាត់វិធានការសុខាភិបាលផ្សេងៗជាច្រើន។ សមិទ្ធកម្មទាំងអស់ខាងលើនេះជាកត្តាសត្យានុម័តមួយ ដែល ស្ដែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តម ប្រយោជន៍របស់គ្រួសារនិងការលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យសំដៅ ពង្រឹងពង្រីកនិងធានាបាននូវភាពប្រសើរនៃសុខុមាលភាពរបស់ប្រជាជនគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ និងមិនទុកឱ្យគ្រួសារណាមួយជួបបញ្ហាហើយមិនត្រូវបានយក ចិត្តទុកដាក់និងដោះស្រាយនិងធានាបាននូវសុខដុមនីយកម្មគ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែម ជាមួយគ្នានេះ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងត្រឹមត្រូវក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានខិតខំបង្កើតឱ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការលើកកម្ពស់តម្ល គ្រួសារដូចជាក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីការទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីការអប់រំ ច្បាប់ស្តីពីការ បង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ច្បាប់ស្ដីពីឯកពន្ធភាព ច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីសំណង់ គោលនយោបាយស្ដីពីមាតុភាពគ្មានគ្រោះថ្នាក់គោលនយោបាយជាតិប្រជាជន គោលនយោបាយជាតិស្តីពីការពន្យារកំណើត គោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារ គោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរបស់រដ្ឋ គោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រានិងកុមារងាយរងគ្រោះ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ និងសេចក្តីណែនាំស្តីពីការអនុវត្តវិធានការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ។ល។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចតេជោ សូមសម្តែងនូវការកោតសរសើរចំពោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិពិគ្រោះគោលនយោបាយ កិច្ចការគ្រួសារ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និង សប្បុរសជននានាដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពនិងភាពសុខដុមនីយកម្ម របស់គ្រួសារកម្ពុជាទាំងអស់នៅក្នុងសហគមន៍នានានៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ ជាពន្លឹកចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុតជាមួយ រាជរដ្ឋាភិបាលក្នុងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារ ខ្មែរ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងការជួញដូរស្រ្តីនិងកុមារ ការលើកស្ទួយសិទ្ធិជាមូលដ្ឋានរបស់កុមារ ការឆ្លើយតប បានទៅនឹងគ្រោះមហន្តរាយនានា ជាពិសេសការជួយរំលែកទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះនៅទូទាំង ប្រទេសដែលកិច្ចការទាំងអស់នេះបានឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងសង្គមជាតិយើង។

ក្នុងឱកាសដ៏ថ្លៃថ្លានៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ឆ្នាំនេះ សម្តេចតេជោ សូមអំពាវនាវដូចតទៅ ៖

១- គ្រួសារនិងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និង ប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការនិងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួនតាមរយៈ ការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការ ពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងគ្រួសារប្រកបដោយភាពរឹងមាំសេចក្តីថ្លៃថ្នូរ និងស័ក្ដិសិទ្ធិភាព ដើម្បី បន្តធានាដឹកនាំគ្រួសារ ដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល និងបន្តរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពត្រសុំត្រសាយឡើងនៅក្នុងឆាកជាតិ និងអន្តរជាតិ ។

២- បន្តពង្រឹងសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

៣- មាតា បិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅកុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ កូវីដ-១៩ និងត្រូវថែរក្សាសុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូឱ្យបានញឹកញាប់តាមការណែនាំស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសបន្តអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ” ជាប្រចាំ ។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិគាំពារ សង្គម២០១៦-២០២៥ តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្ក លក្ខណសម្បត្តិកាន់តែល្អប្រសើរជូនគ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាម ការអភិវឌ្ឍសង្គមជាតិ ជាពិសេសការអនុវត្តបន្តកម្មវិធីឧត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការបង្កើតឱ្យមានកម្មវីធីការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការសិក្សាបង្កើតនូវគោលនយោបាយជាតិគាំពារសង្គម និងការរៀបចំឱ្យមានការផ្តល់របបគោលនយោបាយគ្រួសារក្រីក្រ នៅតាមសហគមន៍តាមរយៈការអនុវត្តបណ្ណសមធម៌ ក្រីក្រទាំង២កម្រិត ជាលក្ខណៈកម្មវិធីកញ្ចប់គ្រួសារដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនាពេលបច្ចុប្បន្នការរៀបចំកម្មវិធី គ្រួសារគំរូនៅតាមសហគមន៍និងរៀបចំឱ្យមានការចុះសួរសុខទុកគ្រួសារគំរូ និងគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ នៅតាមសហគមន៍តាមគន្លងថ្មី ។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគម ទូរទស្សន៍រៀបចំឱ្យមានជាវេទិកាតុមូលនិងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ វិទ្យុ និង តាមទូរទស្សន៍សាធារណៈផ្សេងៗ ពីតួនាទីនិងគុណតម្លៃគ្រួសារ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា
ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំដោយរៀបចំការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក និងជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការ រៀបចំជាបដាផ្សព្វផ្សាយឬសកម្មភាពតាមគន្លងថ្មី នៅតាមអង្គភាពក្រោមឱវាទ។

៦- នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយនិងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការ អនុវត្តគោលនយោបាយជាតិគាំពារសង្គម ។

៧- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែម ទៀតក្នុងការជួយគាំទ្រដល់សកម្មភាពកម្មវិធីអភិវឌ្ឍគ្រួសារទាំងថវិកានិងធនធានមនុស្ស ដើម្បីធានាឱ្យបាននូវការ លើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានោះ ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនា លើកកម្ពស់ដល់សុខុមាលភាពគ្រួសារនិងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមគ្រប់រូបភាព។

៨- ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ុមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសូមព្រះមេត្តានិងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាពក្នុងការជួយផ្ដល់ដំបូន្មានល្អៗដល់សមាជិកគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រនិងគោរពអនុវត្តតាមប្រកប ដោយស្មារតីខ្ពស់ដូចទស្សនៈ លើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ»។

៩- គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់ មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតាព្រមទាំងផ្សព្វផ្សាយ អំពីការអប់រំទូន្មានកូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើអបាយមុខផ្សេងៗពិសេសតួនាទីរបស់ គ្រួសារក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាបរិបទថ្មីមួយត្រូវមានការយកចិត្តទុកដាក់ និងរួមសាមគ្គីគ្នាក្នុងកម្លាំងមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×