រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក អង្គ វង្សវឌ្ឍនា ស្នើឲ្យព្រះរាជអាជ្ញាធរអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុត ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តារ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សំណើរចាត់វិធានការផ្លូវច្បាប់ទៅលើ លោក លឺ ឡាយស្រេង មានបោះត្រា និងចុះហត្ថលេខា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានជំរាបជូនព្រះរាជអាជ្ញាធរអមសាលាដំបូងរាជធានីភ្នំពេញថា ក្នុងពេលថ្មីៗនេះ តាមរយៈការសន្ទនាមួយ រវាង លោក លឺ ឡាយស្រេង និងលោកស្រី គី លំអង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈឃើញថា លោក លឺ ឡាយស្រេង បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តារ អង្គព្រះមហាក្សត្រនៃយើង។
បណ្តឹង លោក អង្គ វង្សវឌ្ឍនា បានលើកយករដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៧ កថាខ័ណ្ឌ៣ ចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណាម្នាក់រំលោភបានឡើយ » ហេតុនេះ តាមរយៈពាក្យសម្តី របស់ លោក លឺ ឡាយស្រេង បានបង្ហាញពីការរំលោភបញ្ញត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផង និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយក៏ជាទង្វើ ដែលពុំអាចទទួលយកបាន សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែគោរពប្រតិបត្តិអង្គព្រះមហាក្សត្រ នៃយើង។
បណ្តឹង លោក អង្គ វង្សវឌ្ឍនា តាងនាមឲ្យក្រសួងយុត្តិធ៌ម បានស្នើដល់ព្រះរាជអាជ្ញាអមសាលាដំបូងសាលារាជធានីភ្នំពេញ ពិនិត្យដោយយកចិត្តទុកដាក់ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតទៅតាមនីតិវិធីច្បាប់ជាធរមាន ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តារអង្គព្រះមហាក្សត្រនៃយើង៕ ដោយ៖ សត្យា