ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ការចេញសេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នៅក្នុងសេចក្តីសម្រេចបានឲ្យដឹងថា ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពដូចខាងក្រោម៖
១. លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន
២. តំណាងទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន
៣. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៤. តំណាងក្រសួងមុខងារសាធារណៈ សមាជិក
៥. តំណាងក្រសួងយុត្តិធម៌ សមាជិក
៦. តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក
៧. តំណាងក្រសួងធម្មការ និងសាសនា សមាជិក
៨. លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
៩. លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សមាជិក
១០. លោក អ៊ូច ចាន់ណារ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ សមាជិក
១១. លោក ពុធ សុផាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សមាជិក
១២. លោក សួស ប្រាថ្នា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានរដ្ឋបាលទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត សមាជិក។
សេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា មានភារកិច្ចដូចខាងក្រោម៖
- សិក្សាស្រាវជ្រាវ ផ្ដួចផ្ដើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្ដល់ គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
- សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉
- សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម
- ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ
- រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្ដល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
- ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ - រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច
- បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
អនុប្រធាន និងសមាជិកក្រុមការងារត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធានក្រុមការងារ។
ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីជួយការងារតាមតម្រូវការចាំបាច់។ ប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕ រក្សាសិទ្ធិដោយៈ ចេស្តារ