នាយករដ្ឋមន្ត្រីជប៉ុន ហ្សីន ហ្សូអាប៊េ (Shinzo Abe) នៅថ្ងៃអង្ការម្សិលមិញនេះ បានបញ្ជាក់ពីភាពចាំបាច់សម្រាប់ប្រទេសកូរ៉េខាងជើង ក្នុងការមានសកម្មភាពឲ្យច្បាស់លាស់មួយសំរាប់លុបចោលអាវុធនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋអាមេរិចកំពុងរៀបចំខ្លួនធ្វើកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោក ក៏បានសំដែងក្តីសង្ឃឹមដែរថា បញ្ហាដែលកូរ៉េខាងជើងបានចាប់ពង្រាត់ប្រជាជនជប៉ុន អាចនឹងត្រូវដោះស្រាយបាននៅក្នុងកិច្ចចរចារ។
លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបានធ្វើដំណើរមកកាន់ទីក្រុងតូក្យូ ដើម្បីប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំជាមួយនឹងមេដឹកនាំកូរ៉េខាងជើងកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងព្យុងយ៉ាង។
លោក Shinzo Abe ថ្លែងដូច្នេះថា “វាគឺជាជំហរមូលដ្ឋាន ដែលបញ្ហានុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងការចាប់ចំរិតខ្លួនប្រជាជនជប៉ុនគួរតែត្រូវបានដោះស្រាយ។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអនុវត្តនូវអ្វីដែលបាននិយាយ ហើយកូរ៉េខាងជើងត្រូវមានវិធានការច្បាស់លាស់”។
លោកក៏បានចាត់ទុកថាឆន្ទៈរបស់កូរ៉េខាងជើងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជារឿងពិតប្រាកដ។
លោកថ្លែងថា “ខ្ញុំមិនជឿទេថា កូរ៉េខាងជើងនឹងប្រើឱកាសនេះដើម្បីពន្យាពេលវេលា ពីព្រោះឥឡូវនេះ កូរ៉េខាងជើងកំពុងជួបការចរចារដ៏សំខាន់ ដូចជា កិច្ចប្រជុំកំពូលជាមួយអាមេរិច ក្រោយពេលធ្វើកិច្ចប្រជុំជាមួយនឹងកូរ៉េខាងត្បូង”។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីអាទិត្យមុនបានទទួលយកការសុំចរចារបស់មេដឹកនាំកូរ៉េខាងជើង ហើយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងជួបចរចាដោយផ្ទាល់នៅចុងខែ ឧសភា ខាងមុខ៕