Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ទូតអាមេរិក ៖ កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅតែមានការកើនខ្លាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រាបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានកត់សម្គាល់រួមលើចំណុចវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ។
ការកត់សម្គាល់របស់ភាគីទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំបានពាំនាំ នូវសមានចិត្តសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីជំនួយរបស់សហរដ្ឋអាមេរិក ក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំង ការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិកក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិក ទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តី បានជំរាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ល័ក្ខដ៏សំខាន់ក្នុងការដោះស្រាយជម្លោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ ១) តម្រូវឲ្យឈប់មានការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy) ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ “ការឯកភាពគ្នាជាឯកឆន្ទប្រាំចំណុច” ដែលជាលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានកន្លងទៅ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×