Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

សៀមរាប ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទី បានសម្រេចរួចរាល់ហើយនៅចុងខែឧសភានេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។

បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំ ឃើញតែគំនរដុំថ្មហើយ បានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។

ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ អំពីថ្មភក់ ដែលទំនងជាត្រូវបានសាងសង់ឡើង រវាងពាក់កណ្ដាលសតវត្សទី១២ ទៅចុងសតវត្សទី១២៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×