កំពង់ឆ្នាំង ៖ យុទ្ធនាការផ្សព្វផ្សាយស្តីពីសិទ្ធជនពិការនៅក្នុងសហគមន៍ ត្រូវបានធ្វើឡើងនៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ យុទ្ធនាការនេះ រៀបចំដោយអង្គការករុណាបាត់ដំបង ក្រោមការជួយឧបត្ថម្ភពីមូលនិធិនៃប្រទេស អាល្លឺម៉ង់ និង ប្រទេសកូរ៉េ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីឃុំចំនួន៩ នៅក្នុងស្រុកបរិបូរណ៍ ។
លោក ពៅ ឈាន ប្រធានគម្រោង នៃអង្គការករុណាបាត់ដំបង ប្រចាំនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការផ្សព្វផ្សាយសិទ្ធជនពិការនៅក្នុងសហគមន៍ ដែលធ្វើឡើងក្រោមប្រធានបទ «ពិការភាពមិនមែនជាបញ្ហារបស់យើង » នាពេលនេះ គឺដើម្បីបង្កើនឱកាសអោយក្រុមជនពិការបានជួបជុំគ្នាជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីបង្ហាញអំពីកង្វល់របស់ពួកគាត់នៅក្នុងសហគមន៍និងខ្លួនគាត់ផ្ទាល់ ហើយយុទ្ធនាការនេះ គឺចង់អោយអាជ្ញាធរមូលដ្ឋានបញ្ចូល បញ្ហានិងតម្រូវការរបស់បងប្អូនជនពិការ ពិសេសេកុមារពិការសតិបញ្ញាចូលទៅក្នុងផែនការអភិវឌ្ឍន៍នានា ក្នុងសហគមន៍របស់គាត់ ។
លោកទុំ ឈៀត ប្រធានអង្គការករុណបាត់ដំបងបានអោយដឹងថា អង្គការករុណាបាត់ដំបង គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល បង្កើតឡើងដើម្បីជួយដល់ពលរដ្ឋពិការ កុមារ យុវជន យុវនារី អ្នកជំងឺងាយរងគ្រោះ និង រងគ្រោះមកពីបុព្វហេតុផ្សេងៗ និង គ្រួសាររបស់ពួកគេនៅក្នុង សហគមន៍ ។ អង្គការករុណាបាត់ដំបង មានគម្រោងជាច្រើនសម្រាប់ជួយជនពិការ ដូចជា វិស័យអប់រំ សុខាភិបាល កសិកម្ម វិស័យសេដ្ឋកិច្ច ។
លោកប្រធានបានអោយដឹងទៀតថា គម្រោងថ្មីសម្រាប់អង្គការ ករុណាបាត់ដំបង បន្តពីគម្រោងអង្គការមនុស្សលោកថ្មី គឺ គម្រោងសមត្ថភាពជនពិការ ដែលគម្រោងនេះមានអ្នកទទួលផលចំនួន២៣៩នាក់ ជាជនពិការសតិបញ្ញា ដែលអនុវត្តនៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង ។
លោក ទុំ ឈៀត បានអោយដឹងទៀតថា យុទ្ធនាការនាពេលនេះ គឺពិតជាមានសារៈសំខាន់ ទាំងជនពិការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដើម្បីអោយបានកាន់តែយល់ច្បាស់អំពីសិទ្ធសំខាន់របស់ជនពិការ និង រួមគ្នាលុបបំបាត់នូវការរើសអើងគ្រប់រូបភាព មកលើជនពិការ ដោយលើកទឹកចិត្តដល់ជនពិការ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាសអោយពួកគាត់បានចូលរៀនតាមសាលាផងដែរ ដល់ដើម្បីអោយជនពិការមានសិទ្ធពេញលេញរស់នៅក្នុងសង្គម ៕ ដោយ៖ ចៅ សន