ព្រះ វិហារ ៖ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿង ញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣២នាទី កម្លាំងជំនាញ នៃមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, កម្លាំងរបស់ប៉ុស្តិ៍កំពង់ស្រឡៅ នៃវរៈការពារព្រំដែន លេខ១០៥. ព្រមទាំងមានការសម្របសម្រួលពីឯកឧត្ដម ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលដំបូង ខេត្តព្រះវិហារ បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។
លទ្ធផលនៃប្រតិបត្តិការខាងលើនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ និង២-ឈ្មោះ កែវ ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ ។
វត្ថុតាងចាប់យកបាន ៖ -សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)៥ កញ្ចប់ធំ ទម្ងន់ ៤៩៨៨,៨៤ ក្រាម និងមធ្យោបាយដឹកជញ្ជួនទូកយន្ត១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបានបញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ