ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានអះអាងថាការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពទេ ថែមទាំងជួយធ្វើឱ្យឈាមរាវ មានលំហូរឈាមល្អ នៅក្នុងរាង្គកាយ ជាពិសេស ការបរិច្ចាគឈាម បានឆ្លុះបញ្ចាំងពីសកម្មភាព និងឆន្ទៈមនុស្សធម៌របស់មនុស្សម្នាក់ៗ ព្រោះថា ឈាមមួយផ្លោកដែលយើងបរិច្ចាគ អាចជួយជីវិតមនុស្ស ដែលកំពុងត្រូវការឈាមជាចាំបាច់ ដោយគ្មានការរើងអើង។
ពាក់ព័ន្ធនឹងការផ្តល់បរិច្ចាកឈាមនេះដែរលោកបានបន្ថែមថា បច្ចុប្បន្នតម្រូវការឈាមមានច្រើន គ្រាន់តែមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមមួយកន្លែង ត្រូវការឈាម រហូតដល់ទៅ ២០០ផ្លោកក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិត អំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមចំណែក ក្នុងការធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាកឈាមឱ្យបានច្រើនថែមទៀតពីព្រោះថាតម្រូវការឈាមមានជារៀងរាល់ថ្ងៃហើយអ្នកជំងឺច្រើនណាស់កំពុងត្រូវការដើម្បីបន្តជីវិតរស់នៅបន្តទៀត។
ក្រុមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមយុវជន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដល់អ្នកជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅកម្ពុជា។ការរួមគ្នាបរិច្ចាគឈាម គឺធ្វើឡើងស្របពេលដើម្បីគាំទ្រដល់យុទ្ធនាការ របស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនាកន្លងមក។
មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ថា ដោយសារតម្រូវការឈាមមានខ្ពស់ហើយកម្ពុជា កំពុងត្រូវការឈាមជាចាំបាច់ ដើម្បីបំពេញបន្ថែម នូវការផ្គត់ផ្គង់ ដល់តម្រូវការឈាមរបស់ជនរងគ្រោះ និងអ្នកជំងឺ ដែលមានការកើនឡើង ជាររៀងរាល់ឆ្នាំ ហេតុនេះការចូលរួមបរិច្ចាកជារឿងចាំបាច់មិនអាចមើលរំលងបានទេ។ ការផ្តល់ឈាមជាទង្វើមនុស្សធម៌ សុំឱ្យទាំងអស់គ្នា ចូលរួមឱ្យបានច្រើន ព្រោះឈាមរបស់យើង នឹងជួយដល់ជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ៕ដោយ៖កូឡាប