ភ្នំពេញ ៖ ក្មេងប្រុសអាយុ៣ខួបម្នាក់ បានធ្លាក់ដាំក្បាលចូលពាងទឹក លង់ស្លាប់ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសដែលស្លាប់នេះ មានឈ្មោះសុខ វុទ្ធី អាយុ៣ឆ្នាំ រស់នៅជាមួយគាត់ ឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ។ តាមការរៀបរាប់ពីស្ត្រីជាម្តាយ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កូបានឲ្យកូនប្រុសរបស់គាត់ ទៅលេងផ្ទះជីដូននៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀត ដែលទើបសម្រាលបាន២ខែ ចំណែកប្ដីចេញទៅធ្វើការ។
ពេលធ្លាក់ភ្លៀង គាត់ជាម្ដាយទៅមើលកូននៅឯផ្ទះយាយ តែមិនឃើញក៏នាំគ្នាដើររក ក៏ប្រទះឃើញកូនប្រុសរបស់គាត់ លង់ទឹកក្នុងពាងស្លាប់បាត់ទៅហើយ។ ក្រោយពិនិត្យសពក្មេងប្រុសរងគ្រោះខាងលើ រួចរាល់ហើយ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពាង ប្រាកដមែន៕
រក្សាសិទ្ធិដោយ៖សួង សាម