តាម Express កាលពីចុងសប្តាហ៍មុនក្រុមអ្នកជំនាញការនៅឧទ្យានជាតិ Yellowstone កន្លែងដែលមានកំពូលភ្នំភ្លើងដូចឈ្មោះឧទ្យានជាតិនេះដែរ គេចាប់ផ្តើមសំឡឹងឃើញវត្តមានកម្សួលទឹកដ៏ធំសម្បើមមួយ។
ចំណុចកំពូលគឺស្ថិតនៅថ្ងៃទី ១៦ មីនា គ្រាដែលកំពូលភ្នំភ្លើងនេះបានបង្កើតជា “បង្គោល” ទឹកក្តៅខ្ពស់បំផុតពិភពលោកមួយ ។ មនុស្សមួយចំនួនលើកឡើងថា ៖ “ប្រការនេះ ជាសញ្ញាបញ្ជាក់ថា មានការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍នៅក្នុងដី ជាហេតុបណ្តាលឲ្យមានករណីផ្ទុះចេញកម្សួលទឹកបែបនេះ”។
ការប្រែប្រួលមិនប្រក្រតីនេះ បណ្តាលឲ្យមនុស្សភាគច្រើនកើតក្តីកង្វល់អំពីលទ្ធភាពថា កំពូលភ្នំភ្លើង Yellowstone វាកំពុងភ្ញាក់ពីដំណេក ហើយកង្វល់នេះកាន់តែកើនឡើងគ្រាដែលភ្នំភ្លើង Yellowstone ត្រូវបានចាត់ទុកថា “គ្រាប់បែកកំណត់ម៉ោងមួយក្នុងចំណោម ៤ ដែលបង្កគ្រោះមហន្តរាយសាហាវបំផុតចំពោះផែនដី” ក្នុងសម័យបច្ចុប្បន្ននេះ។
គ្រាប់បែកកំណត់ម៉ោងមួយក្នុងចំណោម ៤ ដែលបង្កគ្រោះមហន្តរាយសាហាវបំផុតចំពោះផែនដី
អំឡុងប៉ុន្មានខែថ្មីៗនេះ ក្នុងតំបន់នោះគេកត់ត្រាបាននូវកម្រិតរញ្ជួយដីខ្នាតតូច-ធំ។ មានខណៈពេលខ្លះការរញ្ជួយដីកើតឡើងដល់ទៅប្រមាណ ២០០ដង ក្នុង១ថ្ងៃ ក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងថា នៅខាងក្រោមភ្នំភ្លើង Yellowstone គឺជាឃ្លាំងដ៏ធំមួយដែលផ្ទុក magma (កំអែរថ្ម)។
ប្រសិនបើកំពូលភ្នំភ្លើងនេះភ្ញាក់ពីដំណេកនោះ ពុំត្រឹមតែពលរដ្ឋអាមេរិកប៉ុណ្ណោះទេ គឺវាគំរាមកំហែងដល់ពិភពលោកទាំងមូល។
ផ្ទាំងពពកដែលមានផ្ទុកឧស្ម័នពុល សំខាន់គឺស្ពាន់ធ័រដ៏ធំមហិមា វានឹងគ្របដណ្តប់លំហអាកាសព្រមទាំងធ្វើឲ្យផែនដីវិលត្រឡប់ទៅកាន់យុគសម័យអាកាសធាតុដ៏ត្រជាក់រយៈពេលខ្លី។
ខាងក្រោមកំពូលភ្នំភ្លើង Yellowstone គឺជាឃ្លាំងផ្ទុក magma ដ៏ធំសម្បើម។
ប្រសិនបើភ្នំភ្លើងនេះ ផ្ទុះបង្ហៀរកំអែរ នោះត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ លំហអាកាសផ្ទុកពេញដោយធូរលី ធ្វើឲ្យវាលរុក្ខជាតិងាប់បណ្តើរៗ ប្រភពទឹករងការបំពុល ស្បៀងអាហារ ក្រខ្សត់ ពិសេសចំពោះប្រទេសអាមេរិកទាំងមូល។
ទោះយ៉ាងណាអ្នកជំនាញការទាំងឡាយកំពុងព្យាយាមពង្រឹងស្មារតីតាមរយៈការលើកហេតុផលថា សកម្មភាពផ្ទុះកំអែទឹកក្រោមដីនេះ មិនបណ្តាលឲ្យភ្នំភ្លើង Yellowstone វាភ្ញាក់ពីដំណេកភ្លាមៗនោះទេ។
គេក៏រំលឹកឡើងវិញថា ភ្នំភ្លើងនេះបានភ្ញាក់ពីដំណេកតាំងពី ៧០០.០០០ពាន់ឆ្នាំមុនម្លេះ ហើយការបម្រែបម្រួលភូកុម្ពសាស្ត្រវាទាមទារកាលវេលាមួយវែង៕ សូយន