ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រម្ពុជាឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ ស្តពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកទី១១ នីតិកាលទី៣ ព្រឹទ្ធសភា បានពិភាក្សាលើវិសោធនកម្ម ច្បាប់អនុម័ត្តដោយសម្លេង៤០/៤០ សម្លេង។ ហើយកាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ ២០១៧ រដ្ឋសភាបានពិភាក្សាអនុម័តដោយសម្លេង ៦៧/៦៧ ។ ហើយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រជុំពិនិត្យលើធម្មនុញ្ញភាពនៃវិសោធនកម្មសេចក្តីព្រាងច្បាប់ទាំង៤នេះ។ បន្ទាប់ពីបានពិនិត្យធម្មនុញ្ញភាព គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធមរមាន។
សូមជម្រាបថា សេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤នោះ ត្រូវបានសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៤៩រូប បានចុះហត្ថលេខា ដាក់ជូនរដ្ឋសភា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។ សេចក្ដីស្នើវិសោធនកម្មច្បាប់ ចំនួន៤នោះ ដើម្បីបើកផ្លូវឲ្យមាននីតិវិធីបែងចែកអាសនៈ សម្រាប់គណបក្សនយោបាយណាមួយ ដែលបោះបង់អាសនៈ លុបចេញពីបញ្ជី ឬដែលត្រូវរំលាយ ដោយការសម្រេចរបស់តុលាការកំពូល។
សេចក្ដីស្នើច្បាប់ទាំង៤បានចែងយ៉ាងលម្អិតអំពីនីតិវិធី និងរូបមន្តសមាមាត្រ ដើម្បីបែងចែកអាសនៈរបស់គណបក្ស ដែលបាត់បង់ភាពស្របច្បាប់ ទៅឲ្យបណ្ដាគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត រាប់ទាំងគណបក្ស ដែលឈ្នះអាសនៈ និងមិនឈ្នះអាសនៈ។
សេចក្ដីថ្លែងហេតុនៃសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តខិតខំពង្រឹង និងពន្លឿនដំណើរនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទិន្ទឹមនឹងការពង្រឹងនីតិរដ្ឋឲ្យកាន់តែរឹងមាំ។ ចំណែកគោលបំណងនៃការវិសោធនកម្ម គឺដើម្បីឲ្យច្បាប់ទាំង ៤នេះ មានសង្គតិភាព ឬភាពស៊ីសង្វាក់ជាមួយច្បាប់ស្ដីពីគណបក្សនយោបាយ និងវិសោធនកម្មជាបន្តបន្ទាប់ ដែលនៅជាធរមាន ធានាស្ថេរភាពនយោបាយឲ្យនៅស្ថិតស្ថេគង់វង្សយូរអង្វែង នៅព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងករណីនេះ តុលាការកំពូលកំពុងតែដំណើរការនីតិវិធីលើបណ្តឹងរបស់ក្រុមមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ ក្នុងករណីបើតុលាការកំពូលរកឃើញថា គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមទម្រង់នៃការធ្វើបដិវត្តន៍ពណ៌ ដោយយកគំរូបតាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា មែននោះ អាសនៈទាំង៥៥ របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅឲ្យគណបក្សនយោបាយផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣។
គណបក្សនយោបាយចំនួន៥ ដែលគេសម្លឹងឃើញថា នឹងអាចទទួលបានអាសនៈពីការបែងចែកអាសនៈចំនួន៥៥ របស់គណបក្សសង្គ្រោះជាតិ នោះ រួមមានៈ គណបក្សហ្វ៊ុនស៊ិនប៉ិច (អាចបានច្រើនជាងគេ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច៕ ដោយ ៖ មុនីរាជ