បុរសសញ្ជាតិឥណ្ឌាម្នាក់ បានថប់ដង្ហើមរួចដួលផ្កាប់មុខចុះ ព្រោះតែថ្លាន់រឹតកខ្លាំងពេក ខណៈពេលដែលទស្សនិកជននឹកស្មានថា នេះជាឈុតមួយក្នុងកម្មវិធីសម្តែង។
ហេតុការណ៍កើតឡើងក្នុងពេលបុរសម្នាក់រួមជាមួយថ្លាន់របស់ខ្លួន កំពុងសម្តែងនៅចិញ្ចើមថ្នល់នាប្រជុំជន Mau រដ្ឋ Uttar Pradesh កាលពីថ្ងៃ ២០ មីនា កន្លងមក។
តាម Newsflare អ្នកហ្វឹកហ្វឺនពស់ (snake chamer) បានយកថ្លាន់ដ៏ធំមួយមករំកខ្លួន ក្នុងពេលសម្តែង។ ប៉ុន្តែថ្លាន់នេះស្រាប់តែរឹតបន្តឹងករបស់គាត់ធ្វើឲ្យថប់ដង្ហើម រួចដួលផ្កាប់មុខមកលើដី។ ដំបូងអ្នកទស្សនាគិតថា វាជាឈុតឆាកសម្តែងរបស់សិល្បៈករ ប៉ុន្តែដោយគាត់បាត់មាត់ឈឹងទើបគេដឹងថា គាត់កំពុងជួបគ្រោះអាសន្នហើយ។
បុរស ៣រូប បានរត់មកចាប់ទាញពស់នេះចេញពីករបស់គាត់ រួចនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕ ចន្ទ្រា