កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ Ro TH ដែលបានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមគោរពឯកឧត្តស្នងការនគរបាលខេត្តកណ្តាល កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១៖០០ នាទីយប់ ខ្ញុំបាទ បានធ្វើដំណើរចេញពីផ្ទះគូដណ្តឹងរបស់ខ្ញុំភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ផ្ទះរបស់ខ្ញុំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានម៉ូតូម៉ាក CB ហុងដា កាប់ប្លន់មកលើ រូបខ្ញុំបាទ ត្រូវចំក្បាលម៉ូតូរបស់ខ្ញុំបាទ ប៉ុន្តែមិនបានសម្រេចខ្ញុំបាទមិនបានរងរបួសទេ អាស្រ័យដូចបានរៀបរាប់ខាងលើ សូមឯកឧត្តមស្នងការមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទផង សូមឯកឧត្តមស្នងការមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទផង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល ៖ នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង បានធ្វើការទំនាក់ទំនងទៅជនរងគ្រោះឈ្មោះ សួង ណាវុធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមន្ត្រីពន្ធនាគារ ដែលត្រូវជាម្ចាស់ហ្វេសបុកឈ្មោះ Ro TH ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមហើយគាត់បានបញ្ជាក់ថា ៖ វេលាម៉ោង១១:០០នាទីយប់នៅលើដងផ្លូវជាតិលេខ២ ចំណុចស្ពានបឹងបន ស្ថិតក្នុងដីភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានជនបង្កម្នាក់(ពុំស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយកាំបិត ជិះម៉ូតូម៉ាក CB ហុងដា បានមកកាក់ស្ទាក់កាប់មកលើរូបគាត់ តែសំណាងល្អគាត់គេចផុត ត្រូវចំក្បាលម៉ូតូរបស់គាត់វិញ ហើយជនបង្កក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ។
បន្ទាប់ពីបានធ្វើការបំភ្លឺរួច ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ដើម្បីសូមឲ្យកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញស្រាវជ្រាវវែកមុខរកមុខសញ្ញាជនល្មើសខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ