កាលពីល្ងាចថ្ងៃទី៣ ខែសីហា ខែឆ្នាំ២០២១ មិ្សលមិញនេះ បុរសជាមេធាវីម្នាក់ ត្រូវរលកសមុទ្រដ៏ធំៗ ជាមួយខ្យល់បក់បោកខ្លាំងៗ បានឆក់យកជីវិតបាត់ខ្លួនភ្លាមៗ ខណៈជនរងគ្រោះ និងមិត្តភក្តិ៣នាក់ផ្សេងទៀត បានកំពុងសប្បាយប្រឡែងលេងទឹករលក នាឆ្នេរសមុទ្រ ត្រង់ត្រង់ចំណុចភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលនិងស្លុតរន្ធត់ចិត្តជាខ្លាំង។
ក្រោយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំក្រុមសង្គ្រោះ ស្វែងរកជនរងគ្រោះទាំងយប់ផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះ សាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនដោយសារលកខ្ពស់ៗ និងខ្យល់បក់បោកខ្លាំងៗ កាលពីល្ងាចម្សិលមិញនេះ ត្រូវបានរកឃើញហើយ បន្ទាប់ពីសពជនរងគ្រោះបានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។
ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារនិងទេសចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង