នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១វេលា នេះ វេលាមម៉ោង ៥ និង ៣០ នាទី សាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួនក្នុងហេតុការណ៍រលកសមុទ្រខ្ពស់ៗ និងខ្យល់បក់បោកខ្លាំង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។ ហើយក្នុងប្រតិបត្តិការនៃការស្វែងរកនេះផងដែរ គឺមានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកជនរងគ្រោះ។
ដោយឡែក ងាកមកចាប់អារម្មណ៍អំពីមូលហេតុនៃគ្រោះថ្នាក់ខាងលើនេះផងដែរ ក៏មានការបកស្រាយអំពីទម្រង់ខ្សែទឹកហូរបែបធម្មជាតិដ៏មិនធម្មតា ដែលយើងគ្រប់គ្នាគួរតែយល់ដឹង។ នេះបើតាមផេកហ្វេសប៊ុក DanCherng Adventure/ដានជើង បានធ្វើការពន្យល់ចែករំលែកអំពីករណីគួរឲ្យប្រុងប្រយ័ត្ននេះឲ្យដឹងថា៖ «RIP Current គឺជាចរនុ្តរលកសមុទ្រហែក រឺចរន្តរលកមរណៈ! RIP Current គឺមានកម្លាំងខ្លាំង និងល្បឿនលឿន ដែលអាចទាញយកមនុស្ស រឺរបស់អ្វីមួយដែលស្ថិតនៅក្នុងដែនរបស់វាពីមាត់ឆ្នេរ រឺ ច្រាំងអោយចូលទៅក្នុងសមុទ្រដែលមានទឹកជ្រៅបាន!
ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុង RIP Currentសូមអនុវត្តបែបនេះ -សម្រាកបណ្តោយខ្លួន ព្រោះវាមិនហូរគួចយើងចូលទៅក្នុងបាតសមុទ្រទេ – កុំហែលប្រឆាំង បញ្ច្រាស់ជាមួយចរន្តទឹកកំពុងតែហូរ -ព្យាយាមហែលគេចចេញពីចរន្តមកច្រាំងវិញ -បើអ្នកមិនអាចគេចផុតទេ ព្យាយាមបណ្តែតខ្លួន -ប្រសិនបើអ្នកត្រូវការជំនួយ ព្យាយាមបក់ដៃរឺក៏ស្រែកអោយគេជួយ
អ្វីដែលអ្នកគួរតែគិតសុវត្ថិភាពក្នុងការលេងទឹក គឺត្រូវចេះហែលទឹក និងដឹងពីរបៀបក្នុងការហែលទឹក – កុំងួតទឹកលេងតែម្នាក់ឯង -បើអ្នកមានការសង្ស័យពីកន្លែងនោះសូមកុំចុះលេង – បើអ្នកមិនចេះហែលទឹក អ្នកគួរមានអាវសុវត្ថិភាពនិងត្រូវមានអ្នកចេះហែលទឹកជួយចាំមើល!
ចំពោះករណីគ្រោះថ្នាក់ដោយសារលង់ទឹកសមុទ្រ កាលពីម្សិលមិញនេះ អាចបណ្តាលមកគាត់លេងទឹកក្នុងស្ថានភាព RIP current! តែជាក់ស្តែងយ៉ាងណានោះ ទុកអោយអ្នកជំនាញធ្វើកោសល្យវិច្ច័យតាមហ្នឹងចុះ! ហើយក៏សូមផ្តាំផ្ញើអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលេងទឹកសមុទ្រ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង