Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទបាយក្អែក គ្រោងនឹងបញ្ចប់ការងារ ជួសជុលនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសុក្រទី០៦ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាក់នៅលើហ្វេសប៊ុកថា ប្រាសាទបាយក្អែក ដែលមានទីតាំងស្ថិតនៅប៉ែកខាងលិច នៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុល និងរៀប ចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រោងនឹងបញ្ចប់ការងារជួសជុល នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ព័ន្ធប្រាសាទឡើងវិញ។

មកដល់ពេលនេះ ដំណើរការជួសជុលប្រាសាទ បានរយៈពេលប្រមាណ ៥ខែមកហើយ ដោយសម្រេចបាន ជាង៦០ភាគរយ គ្រោងនឹងបញ្ចប់នៅ ២ខែខាងមុខនេះ។ លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា គាំពារកេរមត៌កដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕ រក្សាសិទ្ធិដោយ៖CEN

×