ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងជំនួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា “គ.ជ.ប ប្តេជ្ញាធ្វើឲ្យការបោះឆ្នោតក្នុងពេលខាងមុខបានល្អតទៅទៀតក្នុងមានជាខ្មែរ”។ នេះបើតាមការសេចក្តីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។
ការថ្លែងនេះបន្ទាប់ពី លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើរបាយការណ៍ជូន គ.ជ.ប ថា “សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយយល់ឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ស្ងប់ ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលគួរជាទីមោទនៈសម្រាប់ប្រទេសជាតិយើងព្រមទាំងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយគ.ជ.ប។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន៩៥ បានចាត់តាំងសមាជិករបស់ខ្លួនចំនួន៤៣នាក់ គ្របដណ្តប់ពេលការិយាល័យបោះឆ្នោតទាំង៣៣ទូទាំងប្រទេស ដើម្បីធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ឆ្នាំ២០១៨។
សមាគមបានជម្រាបជូនគ.ជ.ប ផងដែរថា សមាគមបានត្រៀមក្រុមការងារពី ២៥០នាក់ ទៅ៥០០នាក់ ដែលជាសាស្ត្រាចារ្យ បញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែងអំណរគុណ និងកោតសរសើរ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានបេសកកម្មរបស់ខ្លួនមួយដ៏គួរឲ្យចាប់អារម្មណ៍ គឺជួយអភិវឌ្ឍន៍សេវាអប់រំឲ្យមានគុណភាពនិងចូលរួមជួយសង្គមជាមួយរាជ រដ្ឋាភិបាលដែលចំណុចនេះសំខាន់ណាស់ ដើម្បីកសាងធនធានមនុស្ស យុវជនបន្តវេន។ លោកប្រធាន បានថ្លែងថា គ.ជ.ប នឹងត្រៀមក្រុមការងារដើម្បីបណ្តុះបណ្តាលនិស្សិត បញ្ញវន្ត ជុំវិញការបោះឆ្នោត ពីព្រោះថាការងារបោះឆ្នោត គ្មានសាលាបង្រៀនទេ។ ការបណ្តុះបណ្តាលនេះនឹងធ្វើឲ្យយុវជន ប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីសិទ្ធិក្នុងនាមជាពលរដ្ឋល្អ។ ជាចុងក្រោយលោកស៊ិក ប៊ុនហុក បានធានាអះអាងថា “ការដឹកនាំគ.ជ.ប មិនអាចប្រាសចាកពីច្បាប់ទម្លាប់បាននទេ”៕ ដោយ ៖ បញ្ញាស័ក្តិ