បុរស២នាក់ដែលត្រូវបានចោទប្រកាន់រំលោភយុវតីអាយុ ១៧ ឆ្នាំ ម្នាក់ ត្រូវបានគេបណ្តើរកាត់តាមដងផ្លូវ ក្នុងកាយអាក្រាត ដោយដៃត្រូវបានចងទៅក្រោយ ខណៈស្ត្រីពោរពេញដោយកំហឹង បាននាំគ្នាវាយដុំពួកគេយ៉ាងសាហាវ ។ ពួកគេត្រូវបានហ្វូងមនុស្សបញ្ចេញកំហឹងនាំគ្នាចាប់សម្រាត និងបង្ខំឲ្យដើរតាមបណ្តាដងផ្លូវជាច្រើន នៅក្នុងទីក្រុង Yingkiong ភាគឦសាននៃប្រទេសឥណ្ឌា មុនពេលប្រគល់ឲ្យប៉ូលីស ។
ប៉ូលីសនិយាយថា យុវតីរងគ្រោះបានយល់ព្រមចេញដើរលេងជាមួយម្នាក់ក្នុងចំណោមបុរសទាំងពីរ បន្ទាប់ពីបានរាប់អានធ្វើជាមិត្តជាមួយបុរសនេះ នៅលើបណ្តាញសង្គម ប៉ុន្តែ នាងបានអះអាងថា បុរសនោះ និងមិត្តភក្តិរបស់គាត់៣នាក់ទៀត បានរំលោភនាង ។
បន្ទាប់ពីរំលោភរួច បុរសទាំងនេះ បានដឹកនាងយកមកទម្លាក់នៅផ្ទះរបស់នាង នាវេលាម៉ោងប្រហែល ២ យប់ ហើយយុវតីដ៏ក្លាហាននេះ ក៏បានទៅកាន់ប៉ុស្តិ៍ប៉ូលីនៅពេលព្រឹក ។ បន្ទាប់ពីបានដឹងរឿងរ៉ាវនេះ សាច់ញាតិ និងអ្នកជិតខាងនារីរងគ្រោះ ក៏ស្វែងរក និងឈានទៅចាប់ខ្លួនជនចាប់រំលោភបាន២នាក់ ។ ទោះយ៉ាងណា ពួកអ្នកភូមិបញ្ចេញកំហឹង បានឡោមព័ទ្ធចាប់សម្រាត និងបង្ខំពួកគេដើរកាត់តាមដងផ្លូវ ដើម្បីឲ្យផ្តល់ភាពអាម៉ាស់ដល់ពួកគេ ។ ប៉ុន្តែ ទន្ទឹមនោះផងដែរ ពួកគេត្រូវបានស្វាគមន៍នឹងកណ្តាប់ដៃជើងយ៉ាងចាស់ដៃ ពីមហាជនបញ្ចេញកំហឹង ទាំងកណ្តាលមេឃកំពុងរលឹមភ្លៀង មុនពេលប៉ូលីសមកដល់ជួយអន្តរាគមន៍ ។
ទោះយ៉ាងណា ប៉ូលីសក៏នៅតែតាមប្រមាញ់ជនសង្ស័យ២នាក់ទៀត ដែលត្រូវបានជឿថាមានអាយុខ្ទង់ ២០ ឆ្នាំ ៕ ចន្ទី