វីដេអូឃ្លីបមួយបង្ហាញពីក្បួនដង្ហែព្រះសពព្រះសង្ឃភូមាមួយអង្គ ទៅកាន់ទីកន្លែងបូជា ឃើញថាបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសគឺនៅពេលបានឃើញមានការបាញ់អាកាល់ការពារមេរោគកូវីដ-១៩ ដ៏មិនធម្មតា ប្រៀបដូចមេឃចុះអ័ព្ទអុីចឹង។
ព្រះសពព្រះសង្ឃភូមាអង្គនោះ ត្រូវបានដឹងថាមានព្រះនាម ណាយ៉ា សាយ៉ាដាវ និងមានព្រះជន្ម ៧៧ ព្រះវស្សា។ ព្រះសពរបស់ព្រះអង្គត្រូវបានដង្ហែចេញពីកន្លែងគង់នៅ ដោយថ្មើរជើង និងក្បួនរថយន្តរាប់សិបគ្រឿងមានទាំងឡានពេទ្យផ្ទុកអាល់កុល បើករំកិលតិចៗ ចាប់តាំងពីវេលាថ្ងៃត្រង់ម៉ោង ១២ និង ៣០ នាទី រហូតដល់ទីកន្លែងបូជានៅវេលាម៉ោង ៥ និង០០ នាទីល្ងាច កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
ការសុគតរបស់ព្រះសង្ឃខាងលើ ពុំត្រូវបានគេបញ្ជាក់ឲ្យដឹងថាដោយសារជំងឺកូវីដនោះទេ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺថា ការបាញ់អាកាល់ការពារមេរោគ គឺពិតជាមិនធម្មតា ដោយត្រូវបានធ្វើឡើងចាប់តាំងពីទីកន្លែងស្នាក់នៅ បាញ់ជាប់រហូតដល់ទីកន្លែងបូជាតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង