យោងតាមមន្រ្តីការពារជាតិអាមេរិក និងរូបថតដែលទទួលបានពី Defence One បានឲ្យដឹងថា យន្តហោះទ័ពអាកាសអាមេរិក C-17 Globemaster III បានជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ ៦៤០ នាក់ ចេញពីទីក្រុងកាប៊ុល ដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃអាទិត្យ។
ហ្វូងមនុស្សទាំងនោះ ត្រូវបានគេជឿថា ស្ថិតក្នុងចំណោមមនុស្សភាគច្រើន ដែលធ្លាប់ជិះ C-17 ដែលជាយន្តហោះដឹកទំនិញយោធាដ៏ធំមួយ ដែលត្រូវបានដំណើរការដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អស់រយៈពេលជិត៣ទសវត្សរ៍មកហើយ។ យន្តហោះនេះគឺជារបស់ 436th Air Wing ដែលមានមូលដ្ឋាន នៅឯងមូលដ្ឋានទ័ព Dover ស្ថិតក្នុង Delaware។
មន្រ្តីការពារជាតិម្នាក់បាននិយាយថា C-17 ដែលប្រើសញ្ញាសម្គាល់ Reach 871 គឺតាមពិតទៅ ពុំមានបំណងដឹកមនុស្សដ៏ច្រើនលើសលុបបែបនេះនោះទេ ប៉ុន្តែ ប្រជាជនអាហ្វហ្កានីស្ថានដែលមានការភ័យស្លន់សោ្ល បាននាំគ្នាសម្រុកឡើងចូលក្នុងយន្តហោះ C-17 ទាំងកម្រោលតែម្តង។
មន្រ្តីការពារជាតិរូបនោះ បានប្រាប់ Defense One ថា ជំនួសឲ្យការព្យាយាមបង្ខំជនភៀសខ្លួនទាំងនោះ ចុះចេញពីយន្តហោះ អាកាសយាននិក ក៏បានសម្រេចចិត្ត ធ្វើការហោះហើរតែម្តងទៅ។ ជនភៀសខ្លួនទាំងនោះដែលមានចំនួនប្រមាណ ៦៤០ នាក់ បានចុះពីយន្តហោះ នៅពេល C-17 បានមកដល់គោលដៅរបស់ខ្លួន។
ជើងហោះនេះ បានល្បីរីករាលដាលយ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក នៅពេលសំឡេងពីក្រុមអាកាសនាយកនិក ដែលបានធ្វើការប៉ាន់ស្មានថា ពួកគេបានកំពុងដឹកអ្នកដំណើរ ៨០០ នាក់ ត្រូវបានបង្ហោះនៅលើអុីនធើរណែត។ តែទោះយ៉ាងណា មន្រ្តីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា ចំនួនពិតប្រាកដ គឺមានប្រហែល ៦៤០ នាក់ ប៉ុណ្ណោះ។
មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ជើងហោះហើរនេះ គឺជាជើងហោះហើរមួយក្នុងចំណោមយន្តហោះជាច្រើនទៀត ដែលអាចហោះហើរផ្ទុកមនុស្សរាប់រយនាក់ ហើយយន្តហោះផ្សេងទៀតក៏អាចផ្ទុកមនុស្សបានច្រើនជាង ៦៤០ នាក់ ផងដែរ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០១៣ យន្តហោះ C-17 នេះធ្លាប់បានជម្លៀសមនុស្សចំនួន ៦៧០ នាក់ ដែលបានកំពុងរត់គេចពីព្យុះទីហ្វុង នៅហ្វីលីពីន។ ហើយដោយឡែក សម្រាប់ការជម្លៀសលើកនេះ ឃើញថាជនជាតិអាហ្វហ្គានីស្ថាន ដែលបានភៀសខ្លួនពួកគេចេញពីទីក្រុងកាប៊ុល ទៅកាន់មូលដ្ឋានអាកាសអាល់យូដេដ នៅកាតា ដោយអង្គុយលើកម្រាលផ្ទាល់របស់យន្តហោះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង