ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ព្រលានយន្តហោះតារាសាគរ នឹងមានសមត្ថភាពទទួលបានយន្តហោះរហូតដល់កូដអ៊ី (Code E) ចំនួន ១១ចំណត ឧទ្ធម្ភាគចក្រចំនួន ៤ចំណត ទទួលអ្នកដំណើរបាន ៧លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន ១ម៉ឺនតោន ក្នុងមួយឆ្នាំ។
ព្រលានយន្ដហោះ តារាសាគរ សម្រេចការសាងសង់បានប្រមាណ ៩១,៥ ភាគរយ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២១នេះ ហើយក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ខាងមុខ។ ព្រលានយន្ដហោះ តារាសាគរ ស្ថិតក្នុងស្រុកបូទមសាគរ នៃខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ដែលនឹងជួយគាំទ្រដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ ព្រលានយន្ដហោះនេះ នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិទី ៤របស់កម្ពុជា នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស។
គួរបញ្ជាក់ថា បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិលកម្ពុជា បញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការសាងសង់ ដោយជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា អ្នកបច្ចេកទេស និងអ្នកជំនាញការរបស់ក្រុមហ៊ុនចិន មានការលំបាកចេញ-ចូល ពេលមកប្រទេសកម្ពុជា ដោយលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក ដែលមានការលំបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារបរិក្ខា និងការចល័តគ្រឿងចក្រមួយចំនួនសម្រាប់បម្រើឱ្យការសាងសង់នេះ ប៉ុន្តែទោះបីយ៉ាងណា គម្រោងសាងសង់និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១នេះ ហើយក៏គ្រោងដាក់ឱ្យដំណើរការនៅពេលនោះដែរ៕