យោងតាមផេករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចុះផ្សាយកាលពីយប់មិញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីកម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលសមត្ថកិច្ចចោទថាលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល និងថាអំពើល្មើសច្បាប់ ដែលមានខ្លឹមសារទាំងស្រុងថា៖ លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។
ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី។
តែទោះយ៉ាងណា ក្រោយបានដឹងថា សមត្ថកិច្ចនឹងមានចំណាត់ហាក់ធ្ងន់ធ្ងរខ្លាំងទៅលើរឿងនេះ ស្រាប់តែក្រុមហ៊ុន វីរៈប៊ុនថាំ បានចោទជាសំនួរទៅកាន់លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី យ៉ាងចាក់ដោតដូច្នេះថា៖
១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ? ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា? មានន័យថាលោកដឹងច្បាស់ណាស់ថា ជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន? របស់ខុសច្បាប់ ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួលផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួលទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
៦-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្នាសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង