ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិនបាននិយាយថា លោកនឹងប្តេជ្ញារក្សាកងទ័ពអាមេរិកឱ្យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ប្រជាជនអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ។ បើទោះបីជាការរក្សាវត្តមានកងទ័ពនោះលើសថ្ងៃដែលបានកំណត់នៅថ្ងៃទី៣១ ខែសីហា ចំពោះការដកចេញក៏ដោយ។
លោកបៃដិន ក៏បានច្រានចោលប្រឆាំងនឹងការរិះគន់ ដែលថាសហរដ្ឋអាមេរិកគួរតែធ្វើអ្វីបន្ថែមទៀតដើម្បីរៀបចំផែនការសម្រាប់ជម្លៀស និងការដកទ័ពចេញ ក្នុងសភាពវឹកវរ នៅពេលដែលមនុស្សរាប់ពាន់នាក់ព្យាយាមភៀសខ្លួន ខណៈដែលក្រុមតាលីបានបានកាន់កាប់ច្រើនឡើង។
លោកបៃដិនថ្លែងបែបនេះថា៖« សហរដ្ឋអាមេរិកនឹងធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់យើងដើម្បីជម្លៀសជាជនអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកចេញពីអាហ្វហ្គានីស្ថានមុនពេលដល់ក្រោយផុតកំណត់»។
លោកបៃដិនថា៖« ប្រសិនបើមានប្រជាជនអាមេរិកណាមួយមិនទាន់យកចេញបាននោះ យើងនឹងនៅតែបន្តដាក់ទ័ពរហូតដល់យើងអាចជម្លៀសពួកគេចេញមកទាល់តែអស់»។ នេះជាការសង្កត់ធ្ងន់របស់លោកបៃដិនម្តងហើយម្តងទៀត នៅពេលដែលរដ្ឋបាលលោកសន្យាជួយប្រជាជនអាមេរិកឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហាខាងមុខ។
យ៉ាងណាមិញ ប្រជាជនអាមេរិកប្រមាណជាង១៥ពាន់នាក់ផ្សេងទៀត នៅតែបន្តមានវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលក្រុមសកម្មប្រយុទ្ធតាលីបានបានគ្រប់គ្រងទូទាំងប្រទេសកាលពីសប្តាហ៍មុន។
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកក៏បាននិយាយទៅកាន់មេបញ្ជាកាតាលីបានក្នុងទីក្រុងកាប៊ុលអំពីចំណុចត្រួតត្រា និងបម្រាមគោចរដែលមានកំណត់អំពីចំនួនប្រជាជនអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានអាចចូលទៅកាន់ព្រលានយន្តហោះបាន។
លោក ចន ឃីបី មន្រ្តីអ្នកនាំពាក្យមន្ទីរបញ្ជកោណបានថ្លែងថា ក្នុងរយៈពេល២៤ម៉ោង មនុស្សចំនួន២ពាន់នាក់ រួមមានប្រជាជនអាមេរិកចំនួន៣២៥នាក់បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយយន្តហោះដឹកទំនិញរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកប្រភេទ C-17។ បន្ថែមពីនេះ លោក ឃីបីបានបន្តថា ចំនួនជើងហោះហើររបស់កងទ័ពអាកាសដែលបានចាកចេញអាចមានចំនួនប្រហាក់ប្រហែលគ្នាក្នុង
រយៈពេល ២៤ ម៉ោងខាងមុខនេះ បើទោះបីជាមិនអាចប៉ាន់ស្មានបានថាពួកគេនឹងដឹកមនុស្សប៉ុន្មាននាក់ក៏ដោយ។
សូមជម្រាបថា គិតតាំងចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមក មនុស្សស្ទើតែ៦ពាន់នាក់ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថានដោយយោធាអាមេរិក។ នេះបើតាមការថ្លែងបញ្ជាក់ពីមន្ត្រីសេតវិមានកាលពីយប់ថ្ងៃពុធកន្លងទៅ៕ ប្រភព៖ The New Arab