Sunday, October 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប (EU) និង​អង្គការ WWF បើក​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​គម្រោង​មូលនិធិ ២,៨​លាន​អ៊ឺរ៉ូ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​

​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) និង​អង្គការ WWF បន្ត​កិច្ចសហប្រតិបត្តិការ​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​ធនធានធ​ម្ម​ជាតិ​ប្រកបដោយ​និរន្តរភាព និង​ការគ្រប់គ្រង​តំបន់​ការពារ​។ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ អង្គការ WWF និង​សហភាព​អឺរ៉ុប បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​គម្រោង​ដែល​មាន​តម្លៃ ២,៨ លាន​អឺរ៉ូ (​ដែល​មាន​តម្លៃ​ប្រហែល​ជាង ៣,៣ លាន​ដុល្លា​សហរដ្ឋអាមេរិក​) លើ​គម្រោង​គាំទ្រ​ការគ្រប់គ្រង​ដោយ​និរន្តរភាព នៃ​ធនធាន​ព្រៃឈើ​ដ៏​សម្បូរ​បែប​ក្នុង​ខេត្ត​មណ្ឌលគិរី​។ គម្រោង​ដែល​មាន​រយៈពេល ៥ ឆ្នាំ (២០១៨ ដល់ ២០២២) មានឈ្មោះ​ថា “​បង្កើន​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​នូវ​ដំណោះស្រាយ​និរន្តរភាព ហៅ​កាត់​ថា​” ACCESS ដែល​មាន​គោលបំណង​រួម​ក្នុង​ការពង្រឹង​តួនាទី និង​ការចូលរួម​របស់​សហ​គ​មន៍​ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ការអភិវឌ្ឍ​អភិបាលកិច្ច​ល្អ ក្នុង​ការរៀបចំ​កិច្ច​ពិភាក្សា​គោលនយោបាយ​ប្រកប​ដោយ​ការចូលរួម និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​

សហភាព​អឺរ៉ុប ផ្តល់​មូលនិធិ​លើ​គម្រោង​នេះ ដែល​នឹង​ត្រូវ​អនុត្ត​ន៍​ដោយ​សម្ព័ន្ធ​អង្គការក្រៅរដ្ឋាភិបាល​ដែល​មាន​ប្រតិបត្តិការ​យូរអង្វែង​ក្នុង​ប្រទេស​កម្ពុជា​ដូចជា អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) អង្គការ​ជំនួយ​អភិវឌ្ឍន៍ (ADG) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ (CLEC) និង​អង្គការ​ភូមិ​ខ្ញុំ (MVI) ដើម្បី​ធានា​ឱ្យបាន​នូវ​ការចូលរួម​យ៉ាង​សកម្ម​របស់​សហគមន៍​ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​នឹង​បង្កើត​ទៅជា​តំបន់​ព្រៃ​ការពារ​សហគមន៍​ដែល​ហៅ​កាត់​ថា CPA​។​

សិក្ខាសាលា​បើក​សម្ភោ​ធ​គម្រោង​ជា​ផ្លូវការ​នេះ មាន​គោលបំណង​បង្កើត​ឱ្យមាន​ការយល់ដឹង​រួម​អំពី​គោលបំណង​រួម និង​លទ្ធផល ដែល​នឹង​ទទួលបាន​ពី​គម្រោង​នេះ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​រួមមាន​អ្នកទទួលផល​គម្រោង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ព្រម​ទាំង​តួនាទី​របស់​អ្នក​អនុវត្ត​គម្រោង​។ សិក្ខាសាលា​នេះ​ជម្រុញ​ឱ្យមាន​ការចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ នៅ​រាល់​ដំណាក់​កាល​ទាំងអស់​នៃ​គម្រោង​។ ពិធី​សម្ភោ​ធ​គម្រោង​នា​ថ្ងៃនេះ ក៏​នឹង​អនុញ្ញាត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិភាក្សា និង​ប្រមូល​មតិយោបល់​អំពី​ដំណោះស្រាយ និង​យន្តការ ចែករំលែក​បទពិសោធ​ន៍​អំពី​បញ្ហា​ប្រឈម​នានា​នៅតាម​តំបន់​គោលដៅ និង​ផ្តល់​ជា​អនុ​សាស្ត្រ​ក្នុង​ការអភិវឌ្ឍ​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង អនុវត្ត និង​ត្រួតពិនិត្យ​គម្រោង ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

គម្រោង​នេះ​មាន​គោលដៅ​ធ្វើ​ឱ្យ​ប្រាកដថា សហគមន៍​ដែល​ទទួល​ផលប៉ះពាល់​ដូចជា​ការកើនឡើង​សម្ពាធ​ខាងក្រៅ​ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទៅលើ​ធនធានធម្មជាតិ​ដែល​សហគមន៍​ពឹងផ្អែក​លើ អាច​ពង្រឹង​កិច្ចការពារ​ព្រៃឈើ​របស់​ពួកគេ​ដោយ​ស្របច្បាប់​។ គម្រោង​នេះ​នឹង​គាំទ្រ​ជា​ចម្បង​លើ​ការពង្រឹង​អំណាច​សហគមន៍​ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ដែន​ជម្រក​ទាំងពីរ​នេះ​គ្របដណ្តប់​ផ្ទៃដី ៤០% នៃ​ខេត្ត​មណ្ឌលគិរី​។​

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ WWF-​កម្ពុជា មានប្រសាសន៍ថា “​តំបន់​ព្រៃ​ការពារ​សហគមន៍​ទាំងនេះ​គឺ​ប្រៀប​បី​ដូចជា​របង​មាន​ជីវិត​ដែល​ការពារ​ព្រៃឈើ និង​ជីវចម្រុះ​របស់​ពួកយើង​។ ការរួមបញ្ចូល និង​ពង្រឹង​អំណាច​របស់​សហគមន៍​ទាំងនេះ​ក្នុង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ដោយ​និរន្តរភាព ហើយ​ដែល​វា​អាច​ជួយ​បង្កើន​ជីវភាព​របស់​ពួកគេ ផង​ដែរ​នោះ គឺជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ​។ ពួក​យើង​ចង់​ឃើញ​តំបន់​ព្រៃ​ការពារ​សហគមន៍​គោលដៅ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ទទួលបាន​ការបណ្តុះ​បណ្តាល​សមត្ថភាព និង​ពង្រឹង​អំណាច​អំណាច ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​តាម​រយៈ​ការអភិវឌ្ឍ​ជីវភាព ការប្រមូល​ផល​ប្រកបដោយ​និរន្តរភាព និង​ការពង្រឹង​ច្បាប់ ដើម្បី​កសាង​ភាពរឹងមាំ នៃ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​។​” លោក​ក៏​បាន​បន្តទៀតថា ក្នុងនាម​ជា​ដៃគូ​អនុវត្តន៍​ដ៏​សំខាន់​មួយ អង្គការ WWF-​កម្ពុជា សូម​ស្វាគមន៍​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប ​លើ​កិច្ចការ​ដ៏​សំខាន់​នេះ​។​

ចំណែក​លោក ច​ច អេ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ​”​ពួកយើង​​​រីករាយ​​ក្នុង​ការគាំទ្រ​ថវិកា​លើ​គម្រោង​មួយ​នេះ​។ វា​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការគ្រប់គ្រង​តំបន់​ការពារ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ដើម្បី​ឱ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ ពួក​យើង​សូម​ជម្រុញ​ឱ្យ​មាន​ការប្តេជ្ញា​យ៉ាង​មុតមាំ និង​វិធានការ​ចាំបាច់​ពី​ថ្នាក់ដឹកនាំ សង្គម​ស៊ីវិល ព្រម​ទាំង​សហគមន៍ ដើម្បី​ឱ្យ​គម្រោង​នេះ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រៃឈើ និង​សត្វព្រៃ​”។​

លោក​បាន​បន្ថែមទៀតថា “តំបន់​ការពារ​សហគមន៍​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​គាំពារ​បរិស្ថាន និង​ការប្រើប្រាស់​ធនធាន​ដោយ​និរន្តរភាព ហើយ​វា​មាន​សារៈសំខាន់​ដែល​សហគមន៍​ទាំងនោះ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបំពេញ​ការងារ​របស់​ពួកគេ​។ ពួកយើង​សង្ឈឹមថា ​គំរូ​នៃ​ការគ្រប់គ្រង​ធន​ធាន​ដោយ​សហគមន៍​នេះ អាច​នឹង​រីក​សុះសាយ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​អាច​ផ្តល់​ផល​ដល់​ប្រជាពលរដ្ឋ​ជាង ០៦ លាន​នាក់​ដែល​រស់នៅ​ពឹងផ្អែក​លើ​ព្រៃឈើ ហើយ​នេះ​ជា​ការចូលរួម​យ៉ាងពិត​ប្រាកដ​លើ​កិច្ចការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង​តំបន់​ការពារ​”។​

អ្នកទទួលផល​គម្រោង​នេះ​មាន​ចំនួន ២.០០០ គ្រួសារ ស្ថិតក្នុង​ភូមិ​ចំនួន ៣៤ នៅក្នុង​តំបន់​ការពារ ដែល​នៅ​ជាប់​គ្នា​ពីរ គឺ ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី​។ ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​នេះ ផ្តល់​អំណោយទាន​កសិកម្ម និង​ការប្រកប​ជីវភាព​ផ្អែកលើ​អនុផល​ព្រៃឈើ ដល់​ប្រជាពលរដ្ឋ​ជាង ៣០.០០០ នាក់ ដែល​រួមមាន​ទាំង​ជនជាតិដើម​ភាគតិច​ចំនួន ៨.០០០ នាក់​ផង​ដែរ​។ ភាគច្រើន​នៃ​ប្រជា​សហគមន៍​ទាំងនេះ​បាន​រស់នៅ​ក្នុង​តំបន់​នេះ​អស់​ច្រើន​ជំនាន់​មក​ហើយ ដោយ​ផ្គត់ផ្គង់​ការរស់នៅ​តាម​រយៈ​ព្រៃឈើ និង​ដោយ​ការទទួលខុសត្រូវ​ដោយ​ផ្ទាល់​លើ​ការ អភិរក្ស​ធនធាន​ព្រៃឈើ​ទាំងនេះ ការថែរក្សា​ជីវចម្រុះ​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ការអប់រំ និង​លើកទឹកចិត្ត​អ្នក​ដទៃ​ឱ្យ​ចូលរួម​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការប្រើប្រាស់​ធនធាន​ទាំងនេះ​សម្រាប់​បង្កើត​ប្រាក់​ចំណូល​ដោយ​និរន្តរភាព​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×