នៅក្នុងសង្គមសព្វថ្ងៃនេះ គឺពិបាករកខ្លាំងណាស់ មនុស្សមានចិត្តល្អៗ និងផ្ទុយទៅវិញ គឺមានតែមនុស្សមានចិត្តលោភលន់ចង់បានប៉ុណ្ណោះ។ តែដោយឡែក ថ្មីៗនេះ ម្ចាស់ឱសថស្ថានមួយ ឃើញថាបានកំពុងទទួលការកោតសរសើរជាខ្លាំង ចំពោះទង្វើដ៏មានចិត្តធម៌របស់ពួកគាត់ ផ្តល់ក្តីអាណិតស្រឡាញ់ មិនរើសអើងចំពោះអ្នកក្រខ្សត់ពិតៗជាច្រើននាក់ ដោយពួកគាត់តែងតែឲ្យជំពាក់ថ្លៃថ្នាំលេប ព្រោះចិត្តមិនដាច់ នៅពេលអ្នកក្រលើកដៃសំពះអង្វរសុំក្តីអនុគ្រោះ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lach Siek Heng ដែលជាម្ចាស់ឱសថស្ថានដ៏មានចិត្តធម៌ខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំស្រក់ទឹកភ្នែកដោយសារគាត់លើកដៃសំពះអរគុណ។បងស្រីគាត់មានរបររើសអេតចាយនិងទិញអេតចាយតាមរទេះគាត់មកប្រាប់ថាថ្ងៃនេះរកបានតែ2000៛ទេ អត់លុយមែន តែប្តីឈឺក្តៅគ្រុនផ្តាសាយធំមកសុំជឿថ្នាំ។ ខ្ញុំនិយាយថាអត់អីទេ អ្នកអត់លុយក៏អាចជឿថ្នាំខ្ញុំយកទៅពិសារបានគ្រប់គ្នា។ ខ្ញុំតែងប្រាប់អ្នកខ្សត់ជានិច្ច ដូចកាលបងស្រីកម្មកររោងចក្រកូនក្តៅខ្លួនអត់ហ៊ានមករកថ្នាំអោយកូនលេប ព្រោះអត់លុយរោងចក្រអត់ទាន់បើកលុយកូនគាត់ក្តៅ តាំងពីថ្ងៃរហូតល្ងាចភ្លៀង ទើបដាច់ចិត្តទទូឆ័ត្រមករកថ្នាំអោយកូនលេប ។
ក្រោយមកមានកម្មករសំណង់ខាងផ្លូវ60ម៉ែតអត់លុយដូចគ្នា ដាច់ចិត្តមកសុំជឿថ្នាំ ខ្ញុំអោយជឿគ្រប់គ្នាសំរាប់អ្នកខ្សត់ ដោយក្នុងចិត្តមិនគិតរំពឹងសំណងទេ តាមទឹកចិត្តគាត់សងក៏សងមិនសងក៏អត់។មានយប់មួយម៉ោង10យប់អុីមួយមកគោះទ្វារ ខ្ញុំឆ្ងល់ណាស់ថាមកគោះអីយប់ ដល់សួរគាត់ថាទើបមកពីថៃ មកសងលុយជំពាក់ថ្លៃថ្នាំកាលឆ្នាំមុនលឺហើយចង់ស្រក់ទឹកភ្នែកចោលអោយគាត់ខ្លះទៀតអត់យកតាមលុយនៅសល់ទេ។ខ្ញុំមិនដឹងម៉េចចិត្តទន់អាណិតអ្នកក្រ។ ខ្ញុំជឿថាអ្នកក្រពិតប្រាកដគឺស្មោះត្រង់ណាស់ »។
ក្រោយពីបានឃើញនូវទង្វើល្អបែបនេះ មហាជនបានសម្តែងនូវការកោតសរសើរជាខ្លាំង ពីទឹកចិត្តដ៏ធំធេងរបស់ម្ចាស់ឱសថស្ថានខាងលើ ដែលចេះយោគយល់ ផ្តល់ក្តីអាណិត ទៅដល់អ្នកក្រខ្សត់ពិតៗ។ ដោយក្នុងនោះ អ្នកខ្លះក៏បានជូនពរឲ្យពួកគាត់ និងក្រុមគ្រួសារ ជួបតែសំណាងល្អ សុខភាពល្អ រកស៊ីចេះតែមានបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង