កងយោធាអាល្លឺម៉ង់បាននិយាយថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានត្រូវបានសម្លាប់ដោយការបាញ់ប្រហារនៅឯព្រលានយន្តហោះកាប៊ុលកាលពីថ្ងៃចន្ទ។ មនុស្សចំនួន៣នាក់បានរងរបួស។
កងកម្លាំងប្រដាប់អាវុធបាននិយាយថា៖ «កាលពីព្រឹកថ្ងៃចន្ទ ម៉ោង ៤:១៣ នាទីទៀបភ្លឺ មានការផ្ទុះអាវុធរវាងសន្តិសុខអាហ្វហ្គានីស្ថាននិងអ្នកវាយប្រហារមិនស្គាល់មុខនៅឯច្រកទ្វារខាងជើងនៃអាកាសយានដ្ឋានកាប៊ុល»។
ដោយឡែក ស្ថានការណ៍នៅអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃក្នុងទីក្រុងកាប៊ុលមានភាពច្របូកច្របល់ផងដែរ ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមយកទីក្រុងនេះកាលពីថ្ងៃទី ១៥ ខែសីហាហើយមនុស្សរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅព្រលានយន្តហោះក្នុងក្តីសង្ឃឹមថាអាចហោះចេញពីអាហ្វហ្គានីស្ថានបាន។
បើតាម ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កងកម្លាំងរបស់ពួកលោកខាងលិចកំពុងមានភាពរអាក់រអួលក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេ ក៏ដូចជាប្រជាជនអាហ្វហ្គានីស្ថានចំពេលមានភាពច្របូកច្របល់ខ្លាំង។ ចំណែក នៅខាងក្រៅព្រលានយន្តហោះឯណោះវិញ ក្រុមតាលីបង់បានដាក់ពង្រាយយុទ្ធជនរបស់ពួកគេផងដែរ។ ហើយក្នុងរបាយការណ៍ដែលបានចេញផ្សាយពីក្រុមតាលីបង់បានឱ្យដឹងថា ការបាញ់រះនៅលើអាកាសនោះ គឺដើម្បីគ្រប់គ្រងហ្វូងមនុស្ស។ សូមជម្រាបថា មនុស្សយ៉ាងតិច ២០ នាក់បានស្លាប់នៅក្នុងភាពវឹកវរនៅឯព្រលានយន្តហោះកាលពីសប្តាហ៍មុន។
ស្ថានភាពវឹកវរនៅឯព្រលានយន្តហោះកាប៊ុលបានបង្កជាក្តីព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ប្រហែលមិនអាចបញ្ចប់ មុនពេលកងទ័ពអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានក្នុងថ្ងៃទី៣១ សីហាខាងមុខនោះទេ៕
ប្រភព៖ Scroll.in.com