Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួររន្ធត់ណាស់! ខ្សែទឹក​ហូរ​បុក​ខ្លាំង​ក្លា ទាញ​ផ្តួល​អ្នក​បណ្តើរ​ម៉ូតូ នៅ​ត្រង់​ស្ពាន​អូរ​៥ ខណៈ​រថយន្ត​តូចៗ​ហ៊ាន​ប្រថុយ​ឆ្លង​កាត់ ក៏​ត្រូវ…

ភ្លៀងបង្អោរមួយមេធំដ៏គំហុក កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានបណ្តាលឲ្យតំបន់ទំនាបមួយចំនួន នៅក្នុងក្រុងកំពុងសោម ខេត្តព្រះសីហនុ ត្រូវទឹកជន់លិចស្ទើរគ្រប់កន្លែង ជាពិសេសនោះគឺធ្ងន់ធ្ងរបំផុតនៅសង្កាត់លេខ៤ អូរ២ អូរ៣ អូរ៤ និងអូរ៥ តែម្តង។

ដោយឡែក ក្រឡេកមកមើលតាមរយៈរូបភាព និងវីដេអូ ដែលត្រូវបានចែករំលែកពីបងប្អូនរងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងនេះ ឃើញថាពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ ព្រោះថា នៅក្នុងផ្ទះនីមួយៗគឺត្រូវលិចលង់គ្មានសល់នោះទេ ហើយអ្វីដែលពិតជាប្រឈមហានិភ័យខ្លាំងនោះ គឺការឆ្លងចរន្តអគ្គិសនីតែម្តង។

ក្នុងនោះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវជាប់គាំងនៅក្នុងផ្ទះចេញមិនរួចនោះទេ ដែលពិតជាគួរឲ្យបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ជាខ្លាំង។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Dy Do បានបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកជំនួយ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា «បងប្អូនអើយយ៉ាប់ធ្ងន់ហើយ ខ្ញុំពីរអ្នកម៉ែកូនចេញមិនរួចក្នុងផ្ទះទេ ឥឡូវ រូបនេះអ្នកជិតខាងថតអោយមិញ ហើយខ្ញុំចេញមិនរួច ជួយផង ខ្ញុំជាប់នៅក្នុងផ្ទះ»។ តែយ៉ាងណា សង្ឃឹមថា ពួកគាត់នឹងមានសុវត្ថិភាព ពីគ្រោះលិចលង់ដ៏ធ្ងន់ធ្ងរនេះ។

ចំណែកវីដេអូនេះវិញ ឃើញហើយ គឺពិតជាគួរឲ្យខ្លាចណាស់ ខណៈទឹកបានហូរបុកមកយ៉ាងខ្លាំងក្លា នៅត្រង់ស្ពានប្រឡាយអូរ៥ ហើយអ្វីដែលគួរឲ្យស្រៀវជំនួសខ្លាំងនោះ គឺចំពោះរថយន្តដែលហ៊ានប្រថុយបើកឆ្លងកាត់ស្ពាននេះ ខណៈផ្លូវលិចលង់ទាំងស្រុងប្រៀបដូចទន្លេទៅហើយៗ លទ្ធផល រថយន្តតូចៗខ្លះ ក៏ត្រូវជាប់គាំងលិចកណ្តាលផ្លូវតែម្តង។ លើសពីនេះ អ្នកដំណើរបណ្តើរម៉ូតូ២នាក់ ក៏ត្រូវបានដឹងថា ត្រូវទឹកហូរកួចបណ្តាលឲ្យដួលម៉ូតូ ប៊ិះធ្លាក់ចូលអូរ ប៉ុន្តែ សំណាងណាស់ ដែលត្រូវបានអ្នករួមដំណើរដូចគ្នាជួយទាន់ កុំអីមិនដឹងគ្រោះថ្នាក់យ៉ាងណានោះទេ។ នេះបើតាមអ្នកគ្រូម្នាក់ស្នាក់នៅកន្លែងកើតហេតុ បាន Live វីដេអូបញ្ជាក់ឲ្យដឹង។

ទាក់ទិនបញ្ហានេះផងដែរ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២១ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីថានភាពធាតុអាកាស «ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២១» ដោយបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង។ ទន្ទឹមគ្នានេះ ក៏ទំនងជានឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។

ស្ថានភាពបែបនេះ នឹងបណ្តាលឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខេត្តជាប់មាត់សមុទ្រជាដើម អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យម ទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ជាមួយគ្នានេះផងដែរ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមប្រុងប្រយ័ត្នសុវត្ថិភាពខ្ពស់ទាំងអស់គ្នា ចំពោះបាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×