ភ្នំពេញ ៖ កម្ពុជា និងអង្គការយូណេស្កូ លេីកយកមកពិភាក្សា ពីវឌ្ឍនភាព នៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។
កិច្ចប្រជុំ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗ មួយចំនួនរួមមាន ៖ ១-ប្រធានបទនានា ដែលទាក់ទងជាមួយ មហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស ។ ២-វឌ្ឍនភាពនៃដំណើរការត្រៀម ចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ។ ៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀត ទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ។
នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញ មានចម្ងាយ ៤៦០គីឡូម៉ែត្រ។
គេអាចធ្វើដំណើរទៅកាន់ប្រាសាទកោះកេរ តាមរយៈមធ្យោបាយដូចខាងក្រោម៖
ចេញដំណើរពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទកោះកេរតាមផ្លូវលេខ៦៤
សព្វថៃ្ងនេះ យ៉ាងហោចណាស់ ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុន ធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ប្រាសាទកោះកេរខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រ ចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅ ក្នុងតំបន់មានភាពងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។
ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផៃ្ទដី១៦គុណ១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ