សៀមរាប ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាណ ដោយរៀបចំពិធីបួងសួង តាមទំនៀមទម្លាប់បុរាណ ដើម្បីធ្វើការជួសជុល នៅព្រឹកថ្ងៃទី២៤ ខែ សីហា។
ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា គម្រោងនេះ នឹងអនុវត្តរយៈពេល៥ឆ្នាំ ក្នុងបំណងដើម្បីពង្រឹងខឿនរួតបាកាណ ឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។
លោក បន្ថែមថា« យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ស្រួលពេលយើងរៀបចំទៅវិញ»។
តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាណ នៃប្រាសាទអង្គរវត្តនេះ មានការហែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះ ឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿន ឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។
លោក បញ្ជាក់ថា គម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ការទស្សនា របស់ភ្ញៀវទេសចរទេ ព្រោះថា ការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ