ព្រះសីហនុ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ បានបញ្ជូនខ្លួន បុរសសង្ស័យម្នាក់ទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធ នឹងករណីបន្លំ ខ្លួនជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងបានប្រើប្រាស់ប្រាស់នូវលិខិតក្លែងបន្លំ ប្រព្រឹត្តនៅក្នុងខេត្តព្រះសីហនុ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សាម៉ៃ សាមឹត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅ ឃុំបន្ទាយ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៥ និង ៤០ នាទី នៅក្នុងសង្កាត់ ៣, ក្រុងព្រះសីហនុ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន: ១- កាំភ្លើងខ្លី ម៉ាក BERETTA (ប្រើហ្គាស) ចំនួន១ដើម , បង់ចំនួន១ ។ ២- រថយន្ត ម៉ាក ALPHARD ផលិតឆ្នាំ២០១៩ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2J-8999 ចំនួន១គ្រឿង។ ៣ – ទូរស័ព្ទដៃ ចំនួន១គ្រឿង, ស្លាកឈ្មោះកំណាត់ ចំនួន២, ប័ណ្ណប្រើប្រាស់អាវុធថតចម្លងចំនួន១ច្បាប់ ។
ឥឡូវនេះ, ជនសង្ស័យខាងលើ កំពុងត្រូវបានបន្តការសាកសួរ នៅឯសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិដោយ ចន្ទា ភា