នេះជាខណៈដ៏រន្ធត់ខ្លាំងណាស់ ខណៈដែលបុរសវ័យចំណាស់ម្នាក់ បានត្រូវទឹកហូរកួចនាំយកទៅទាំងម៉ូតូ ហើយបើទោះជាបងប្អូនប្រជាពលរដ្ឋម្នាក់ៗខំព្យាយាមជួយសង្គ្រោះគាត់យ៉ាងណាក៏ដោយ ក៏មិនអាចជួយជីវិតគាត់បានទេ ដោយសារតែកម្លាំងទឹកហូរបុកចុះពីខាងលើដ៏ខ្លាំងក្លាពេក។
ហេតុការណ៍ដ៏ស្ទើរស្លុតបេះដូងនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅទំនប់បង្ហៀរ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
បើតាមប្រភពបានឲ្យដឹងថា បុរសចំណាស់រងគ្រោះខាងលើមានឈ្មោះ ហួន ពែក អាយុ ៧៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូឆ្លងតាមទំនប់បង្ហៀរ ដែលមានទឹកហូរដ៏ខ្លាំងក្លា ជាហេតុធ្វើឲ្យគាត់ដួលម៉ូតូធ្លាក់ចុះទៅក្រោមទំនប់ទាំងម៉ូតូ និងមនុស្សតែម្តង។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញដ៏រន្ធត់ថា គាត់បានខំប្រឹងហែលជំនះខ្សែទឹកអស់មួយសន្ទុះធំ ខណៈបងប្អូនប្រជាពលរដ្ឋនៅខាងលើ បានបោះខ្សែដើម្បីឲ្យគាត់តោង ប៉ុន្តែ មើលទៅគាត់ហាក់មិនអាចចាប់ខ្សែបាននោះទេ ហើយដោយសារតែអស់កម្លាំងខ្លាំង គាត់ក៏ត្រូវទឹកហូរកួចនាំយកទៅបាត់ស្រមោលតែម្តង។
ជាមួយហេតុការណ៍ដ៏មិនអស់ចិត្តនេះផងដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Hun Piesth បានបង្ហោះសារទាំងក្តីសោកសៅថា៖ «ឲ្យខ្ញុំសុំទោលពុកម៉ែពូមីបងប្អូនទាំងអស់គ្នាផង ដែលមិនបានតបខមិនអ្នកទាំងអស់គ្នា ព្រោះខ្ញុំរវល់បំពេញតួនាទីជាកូនរបស់គាត់ វីដេអូហ្នឹងខ្ញុំបានពីគេទេ ហើយក៏សូមអរគុណអ្នកទាំងអស់គ្នា ដែលចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ខ្ញុំបាទ ពេលនេះពុកឃ្លាតឆ្ងាយពីកូនៗរហូតហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង