ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនលោកឧកញ៉ា និងសប្បុរសជនថា គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ គុណ ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ បេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល បានចំនួន ៣៥៦ គ្រែ (គ្រែ០១ជាន់ ) ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមដំណើរការសាង់សង់ យ៉ាងមមាញឹកគ្រោងនិងបញ្ចប់រយៈពេល ៣ខែ ហើយអគារតេជោសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ដោយមានរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ យើងក៏មានអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់មួយខ្នងទៀត នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរបស់យើងដែរ ។ ក្រោយពីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ យើងអាចកែសម្រួលអគារតេជោព្យាបាលជំងឺកូវីដនេះ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង ។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបម្រើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកួវូដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ អគារនេះក៏ជាសមិទ្ធផលថ្មីមួយ ទៀតបានមកពីការចូលរួមពីឯកឧត្តម លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជនរបស់យើង ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រ សហគ្រាស និងបងប្អូនសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបម្រើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានជោគជ័យនាពេលខាងមុខ បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕រក្សាសិទ្ធិដោយ៖CEN