ភ្នំពេញ៖ ផ្សារទំនើប Big C បានបើកដំណើរការជាដំបូងនៅរាជធានីភ្នំពេញជាមួយនឹងមានយីហោ Mini Big C ដែលមានទីតាំងនៅម្តុំផ្សារដេប៉ូ បន្ទាប់ពីបានបើកដំណើរការនៅទីក្រុងប៉ោយប៉ែតជាប់ព្រំដែនប្រទេសថៃ។
តំណាងផ្សារទំនើប Big C បានប្រាប់ឱ្យដឹងថា យីហោ Big C មានវត្តមានយ៉ាងខ្លាំងនៅក្នុងប្រទេសជិតខាងដូចជាប្រទេសថៃ និងឡាវ ដូច្នេះយុទ្ធសាស្ត្រនៅកម្ពុជា គឺជាទិសដៅទីផ្សារបន្ទាប់។ លើសពីនេះប្រទេសកម្ពុជា គឺជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនចង់បង្កើតម៉ាកយីហោនៅទីនេះដោយសារវាបន្តរីកចម្រើន។
ក្រុមហ៊ុន Big C បានសម្រេចចិត្តពង្រីកបន្ថែមទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសារប្រទេសនេះបន្តដើរតាមគន្លងកំណើនដ៏រឹងមាំរបស់ខ្លួន។
ហាងលក់គ្រឿងទេស និងទំនិញរាយទូទៅរបស់ប្រទេសថៃឈ្មោះ Big C នឹងចាប់ផ្តើមពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយគ្រោង បើកឱ្យបានចំនួន ៣៥០សាខា នៅទូទាំងប្រទេស និងបង្កើតការងារក្នុងស្រុករាប់ពាន់កន្លែង៕