ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសលើកទី៣ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរជួរមុខ ហើយបញ្ជាទិញបន្ថែម សម្រាប់ចាក់ដល់ពលរដ្ឋ ដើម្បីបង្កើនសមត្ថភាព លើ ប្រព័ន្ធភាពផ្សាំក្នុងរាងកាយរបស់មនុស្ស ទប់ទល់នឹងមេរោគបំប្លែងថ្មី“ដែលតា”។
ទាក់ទងនឹងការចាក់ដូសទី៣នេះ មន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា នៅពេលដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ហើយនោះ មិនមែនមានន័យថា មិនឆ្លងជំងឺកូវីដ-១៩នោះឡើយ ប៉ុន្តែវ៉ាក់សាំងអាចជួយការពារប្រជាពលរដ្ឋពីការឈឺធ្ងន់ធ្ងរ កាត់បន្ថយអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ ជាពិសេសកាត់បន្ថយអត្រាស្លាប់បានជាអតិបរមា ដូច្នេះនៅក្នុងចន្លោះពី៦ទៅ៨ខែនេះ ប្រសិនបើមិនទាន់ទទួលការចាក់ដូសទី៣ទេនោះ គឺប្រព័ន្ធភាពសុំាអាចនឹងមានការថយចុះ៕