ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរគួរផ្តោតលើក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គមឡើងវិញ ដែលរួមមាន ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយបានជជែកគ្នាលើការពង្រឹងការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដើម្បីជំរុញឱ្យការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។
ភាគីទាំងពីរ បានពិភាក្សាផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សិង្ហបុរី វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំនានានៅឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម បានជម្រាបភាគីសិង្ហបុរី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្ដធ្វើបច្ចុប្បន្នភាពលើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីទាំងពីរ កម្ពុជា សិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជា ឱ្យទទួលបានជោគជ័យពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕