ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៣៨ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
សិក្ខាកាមចូលរួមក្នុងការប្រឡងនេះមានចំនួន ៣៦ រូប ដែលក្នុងនោះមានមន្ត្រីចំនួន ២ រូប បានប្រឡងបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន ៣ រូប បានប្រឡងបញ្ចប់កម្រិតមធ្យម និង ៧ រូបបានប្រឡងបញ្ចប់កម្រិតបឋម។
វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។
គួរបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ ក៏ដូចជាសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន៕