Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិននិងផ្តល់ជំនួយបន្ទាន់ចំនួន ៣១ លានដុល្លារ រួមមាន អាហារ និងវ៉ាក់សាំងចំនួន ៣លានដូសទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន

ប្រទេសចិននិងប្រទេសជិតខាងអាហ្វហ្គានីស្ថានទាំងប្រាំផ្សេងទៀតនឹងធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗដែលបណ្តាលមកពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន និងស្ថានការណ៍ចុងក្រោយនៅក្នុងប្រទេស ដោយចិនបានប្រកាសផ្តល់ជំនួយមនុស្សធម៌ បន្ទាន់រួមមានអាហារ ថ្នាំនិងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅថ្ងៃពុធម្សិលមិញនេះ។  បន្ទាប់ពីក្រុមតាលីបង់អាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារបានប្រកាសសមាជិកសំខាន់ៗនៃរដ្ឋាភិបាលបណ្តោះអាសន្នថ្មីរបស់ខ្លួន។



ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី​ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីបញ្ហាអាហ្វហ្គានីស្ថានក្នុងចំណោមប្រទេសជិតខាងអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ដែលលោកបាននិយាយថាអនាគតរបស់អាហ្វហ្គានីស្ថាននៅតែពោរពេញទៅដោយភាពមិនច្បាស់លាស់ ខណៈរដ្ឋាភិបាលបង្កើតឡើងដោយក្រុមតាលីបង់ គឺនៅបណ្តោះអាសន្ននៅឡើយ។


លោកវ៉ាងបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសមកពីប៉ាគីស្ថាន អ៊ីរ៉ង់ តាជីគីស្ថាន អ៊ូសបេគីស្ថាន និងតួកម៉េនីស្ថានថា ប្រទេសជិតខាងអាហ្វហ្គានីស្ថានទាំងអស់អាចសហការគ្នាក្នុងវិស័យនានារួមទាំងជួយអាហ្វហ្គានីស្ថាន ដើម្បីពង្រឹងការការពារការរីករាលដាលនៃជំងឺកូវីដ១៩ ការរក្សាច្រកព្រំដែនបើកចំហការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យជនភៀសខ្លួន ការផ្តល់ជំនួយមនុស្សធម៌ សហប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម និងការធ្វើប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាដើម។

លោកវ៉ាងបានប្រកាសថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ លានដូសដល់អាហ្វហ្គានីស្ថានព្រមទាំងជំនួយមនុស្សធម៌គ្រាអាសន្នដែលមានតម្លៃ ២០០ លានយ័ន ស្មើនឹង៣១ លានដុល្លារ រួមទាំងអាហារ ថ្នាំពេទ្យនិងសម្ភារៈផ្សេងទៀតសម្រាប់រដូវរងាខាងមុខនេះ។

 
លោកវ៉ាងបានជំរុញឱ្យក្រុមតាលីបង់ចាត់វិធានការជាក់ស្តែងដើម្បីទប់ស្កាត់និងវាយប្រហារភេរវករហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងការត្រួតពិនិត្យព្រំដែនដើម្បីចាប់ខ្លួននិងកំចាត់ក្រុមភេរវករដែលភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន។
លោកវ៉ាងក៏បានសង្កត់ធ្ងន់ថា អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនគួរតែមានកាតព្វកិច្ចពេញលេញក្នុងការ
ផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន ពីព្រោះពួកគេជាអ្នកបង្កើតបញ្ហានៅអាហ្វហ្គានីស្ថាន៕ ប្រភព៖ Global Times

×