Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នផលនេសាទសមុទ្រឆ្នាំ២០២១ អាចនឹងបន្តធ្លាក់ចុះទៀត ដោយសារកត្តាអាកាសធាតុប្រែប្រួល

កំពត៖ បើតាមការឱ្យដឹងពីអាជ្ញាធរ ការនេសាទសមុទ្រក្នុងខេត្តកំពត នៅដំណើរការជាធម្មតា ខណៈដែលខេត្តនេះទទួលរងឥទ្ធិពលសម្ពាធទាបបន្តិចបន្តួចបណ្ណោះ ទោះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពអាកាសធាតុខេត្តនៅជាប់មាត់សមុទ្រនឹងទទួលរងនូវសម្ពាធទាប អាចកើតមានផ្គររន្ទះ ខ្យល់កន្ទ្រាក់ រលកសមុទ្រឡើងខ្ពស់ និងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងក៏ដោយ។ ទិន្នផលនេសាទសរុបប្រចាំឆ្នាំ២០១៩ មានចំនួន ២ម៉ឺន៣ពាន់ ៦០០តោន នៅឆ្នាំ២០២០ ធ្លាក់សល់ត្រឹម ២ម៉ឺន ៣ពាន់តោន ហើយនៅឆ្នាំ២០២១នេះ អាចនឹងបន្តធ្លាក់ចុះទៀតដោយសារកត្តាអាកាសធាតុប្រែប្រួល។

ទោះយ៉ាងនេះ ប្រជានេសាទហាក់មានការប្រុងប្រយ័ត្នជាងមុន ព្រោះពួកគាត់បានដឹងអំពីសេចក្តីជូនដំណឹងរបស់ក្រសួង ហើយរដ្ឋបាលជលផលក៏បានផ្សព្វផ្សាយបន្ថែមតាមរយៈមធ្យោបាយផ្សេងៗផងដែរ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងថា អាកាសធាតុនៅក្នុងខេត្តកំពត ទទួលរងឥទ្ធិពលសម្ពាធទាបបន្តិចបន្តួច ប៉ុន្តែមិនបានប៉ះពាល់ដល់ការនេសាទនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ប្រជា នេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្តតាមដានអាកាសធាតុ ដើម្បីបានត្រៀមលក្ខណៈជាមុនក្នុងករណីមានបាតុភូតមិនប្រក្រតីកើតឡើង។ សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពត និងលើផ្ទៃសមុទ្រ ពុំមានព្យុះភ្លៀង ឬខ្យល់កន្ទ្រាក់ឡើយ ហើយកម្ពស់ទឹករលកក៏គ្មានអ្វីប្រែប្រួលគួរឱ្យកក់សម្គាល់ដែរ ប៉ុន្តែផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួន។​

សូមបញ្ជាក់ថា ខេត្តកំពតមានទូកនេសាទសមុទ្រសរុបចំនួន ១.០៥៦គ្រឿង ហើយទិន្នផលនេសាទសមុទ្រស្មើនឹងជាង ៩០ភាគរយ នៃផលនេសាទសរុបប្រចាំឆ្នាំ៕

×