Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

ភាគីកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) នាពេលខាងមុខ។ នេះបើយោងតាមលោក ជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំលើកទី៣នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) កាលពីចុងសប្តាហ៍មុន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រធានក្រុមការងាររួមសម្រាប់ភាគីកម្ពុជា និងឯកឧត្តម សឺហ្គេ ក្លាហ៊្សេវ (Sergey GLAZIEV) សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុកសមាហរណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគ.ស.អ.អ និងមានវត្តមានមន្រ្តីជាន់ខ្ពស់ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣៤ រូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដែលភាគីទាំងពីរបានអនុម័ត នាកិច្ចប្រជុំលើកទី២ ដែលបានធ្វើនៅទីក្រុងម៉ូស្គូ កាលពីខែឧសភា ឆ្នាំ២០១៨ និងពិភាក្សាពីផែនការសកម្មភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា និងជំរុញភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ឱ្យកាន់តែរឹងមាំ ល្អប្រសើរ និងទូលំទូលាយ។

ភាគីទាំងពីរបានចែករំលែកបទពិសោធន៍គន្លឹះពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងវិស័យគយ, កសិកម្ម, ព័ត៌មានវិទ្យា, ការគាំទ្រការធ្វើធុរកិច្ច និងសហគ្រាសមីក្រូ តូចនិងមធ្យម, និងការអភិវឌ្ឍបទប្បញ្ញតិ្តបច្ចេកទេសនានា ដែលជាបច្ច័យជួយជំរុញដល់កិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ។

បន្ថែមពីនេះ ភាគីទាំងពីរបានកត់សម្គាល់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើ​​វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីជំរុញកំណើនកាន់តែខ្ពស់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម ជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម។ ភាគីកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យលទ្ធភាពនៃការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងគ.ស.អ.អ នាពេលខាងមុខ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពក្នុងការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យអាទិភាព រួមមាន៖ (១)កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ (២)កិច្ចសហប្រតិបត្តិការលើវិស័យគយ (៣)វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៤)វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងការអភិវឌ្ឍឌីជីថល (៥)វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ (៦)របាំងបច្ចេកទេសពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និង(៧)កម្មសិទ្ធិបញ្ញា និងការការពារអ្នកប្រើប្រាស់៕

×