ភ្នំពេញ ៖ ស្របពេលដែលបច្ចេកវិទ្យានិងព័ត៌មានវិទ្យាមានការអភិវឌ្ឍខ្លាំង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យសិស្សានុសិស្សត្រូវតែដើរឲ្យទាន់សម័យកាល និងត្រូវប្រុងប្រយ័ត្ន ដោយហេតុថា ប្រព័ន្ធព័ត៌មានវិទ្យា បើប្រើប្រាស់មិនចំគោលដៅក្នុងការសិក្សា វានឹងក្លាយជាអាវុធមុខពីរ។
ក្នុងពិធីបញ្ចុះបឋមសិលា កសាងបណ្ណាល័យគុណគ្រូ ស្ថិតនៅសាលាវិទ្យាល័យហ៊ុនសែនព្រៃទទឹង គឺស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ ២០១៨នេះ លោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថា ពិតណាស់នៅទីនេះ យើងមានវិទ្យាល័យ តែយើងត្រូវការចាំបាច់ណាស់ ក្នុងការស្រាវជ្រាវបន្ថែមទៀត ដូចនេះបណ្ណាល័យ គឺជារឿងចាំបាច់ណាស់ សម្រាប់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីស្រាវជ្រាវនិងសិក្សា។ លោកបន្តថា បច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍជឿនលឿនទៅមុខ ដូច្នេះបញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យា សិស្សានុសិស្ស ត្រូវតែដើរឲ្យទាន់សម័យកាល តែក៏ត្រូវប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ចៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ។
ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម តាមបណ្ណាល័យ និងព័ត៌មានវិទ្យា ព្រមទាំងត្រូវចូលរួមអនុវត្គន៍ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវគោរពច្បាប់ចរាចរណ៍ ដោយត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ដើម្បីចៀសវាង ដោយគ្រោះថ្នាក់ចរាចរដោយប្រការណាមួយ៕ ដោយ៖បញ្ញាស័ក្តិ