ប្តីប្រពន្ធចិន ២នាក់បានរកឃើញ និងជួបជុំជាមួយនឹងកូនស្រីរបស់ពួកគេវិញ បន្ទាប់ពីក្មេងស្រីនោះបាត់ខ្លួនអស់រយៈពេល ២៤ឆ្នាំ។
លោក Wang Mingqing និងប្រពន្ធរបស់គាត់ឈ្មោះ Liu Dengying បានស្វែងរកកូនស្រីរបស់ពួកគេឈ្មោះ Qifeng អស់រយៈពេល ២៤ឆ្នាំ ចាប់តាំងពីនាងបាត់ខ្លួនតាំងពីអាយុ ៣ឆ្នាំ។
ក្មេងតូចអាយុ ៣ឆ្នាំ Qifeng បានបាត់ខ្លួនពីតូបលក់ផ្លែឈើរបស់ឪពុកម្តាយនាងក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែអ្នកទាំងពីរ មិនដែលបោះបង់ការស្វែងរកកូនស្រីខ្លួននោះទេ។
ក្នុងឆ្នាំ ២០១៥ លោក Wang Mingqing សម្រេចចិត្តធ្វើជាអ្នកបើកបរតាក់ស៊ី ដោយក្តីរំពឹងថា ថ្ងៃមួយ កូនស្រីរបស់គាត់នឹងជិះឡានតាក់ស៊ីរបស់គាត់ ហើយក្តីសង្ឃឹមរបស់គាត់បានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលស្ត្រីមានវ័យ ២៧ឆ្នាំម្នាក់បានឃើញផ្ទាំងគំនូរព្រាងនៅលើបណ្តាញសង្គមដែលផ្ទាំងគំនូរក្មេងស្រីតូចនោះមើលទៅដូចជារូបនាង។
ស្ត្រីវ័យ ២៧ ឈ្មោះ Kang Ying មានអារម្មណ៏ក្តុកក្តួលដោយសាររូបភាពនោះមើលទៅដូចនាងខ្លាំងមែនទែន ហើយនាងក៏សម្រេចចិត្តទាក់ទងជាមួយនឹងគ្រួសារដែលកំពុងស្វែងរកកូនស្រីនោះ ដោយធ្វើការពិនិត្យ DNA ហើយការពិនិត្យបញ្ជាក់ថា ស្ត្រីឈ្មោះ Kang Ying គឺជាក្មេងស្រីតូចឈ្មោះ Qifeng ដែលបានបាត់ខ្លួននោះ។
គ្រួសារចិញ្ជឹមបានប្រាប់នាងថា នឹងត្រូវបានពួកគេឃើញនៅលើផ្លូវស្ថិតក្នុងទីក្រុង Chengu (ខេត្តស៊ីឈ័ន)។ នាងត្រូវបានចិញ្ជឹមបីបាច់ដោយគ្រួសារចិញ្ជឹមដែលស្ថិតនៅចំងាយប្រមាណ ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងនាងបាត់ខ្លួន។
បន្ទាប់ពីជួបជុំជាមួយនឹងកូនស្រីខ្លូនវិញ លោក Wang Mingqing បាននិយាយថា “ចាប់ពីពេលឥឡូវនេះទៅ ប៉ាគឺនៅទីនេះហើយ កូនមិនចាំបាច់បារម្ភអ្វីទាំងអស់។ ប៉ានឹងជួយកូន”៕ សុភ័ក្ត្រ