Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​និង​ការរស់នៅ របស់​ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​

​​ខេត្ត​មណ្ឌលគិរី ៖ ព្នង គឺ​អម្បូរ​ជនជាតិ​ខ្មែរ​ដើម ដែល​រស់នៅ​តាម​តំបន់​ខ្ពង់រាប​សម្បូរ​សត្វព្រៃ និង​ព្រៃឈើ ហើយ​ពុំ​សូវ​មាន​អ្នក​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​ឡើយ​។

​ស្ថានភាព​រស់នៅ​ពី​សម័យ​ដើម​ដ៏​យូរលង់​មក​នោះ​មិន​មាន​ការកត់ត្រា​គ្រប់គ្រាន់​សម្រាប់​ការស្រាវជ្រាវ​ទេ តែត្រឹម​សម័យ​អាណានិគមនិយម​បារាំង ចូល​មក​កាន់កាប់​ត្រួតត្រា​កម្ពុជា បានបង្ហាញ​ថា ការរស់នៅ​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច​ព្នង គឺ​មាន​រាយប៉ាយ​ពេញ​ព្រៃភ្នំ ប៉ុន្តែ​ជា​ការរស់នៅ​ផ្តុំគ្នា​ជា​ក្រុម​តូចៗ​បួនដប់​គ្រួសារ ខ្លះ​ទៀត​រស់នៅ​តាម​ចម្ការ​ដាច់ដោយឡែក​ពី​ភូមិ​។

ការរស់នៅ​បែបនេះ​វា​អាស្រ័យ​លើ​ភូមិសាស្ត្រ​អំណោយផល និង​ការនិយម​ចូល​ចិត្ត​របស់​ពួកគាត់ គឺ​ឱ្យតែ​មាន​ប្រភព​ទឹក​នៅ​តាម​ដងអូរ ជ្រលង​ភ្នំ ដង​ព្រែក ទន្លេ ត្រពាំង ជាដើម​ដែល​អាច​ធ្វើឱ្យ​ពួកគាត់​ប្រកបមុខរបរ​ដ៏​សំខាន់​ដូចជា​ធ្វើ​ស្រែចម្ការ គឺ​ចាំបាច់​ត្រូវ​រស់នៅ​ទីនោះ ព្រោះ​ពួកគាត់​ពឹងផ្អែក​លើ​ធម្មជាតិ​ទាំងស្រុង​។

​ជនជាតិភាគតិច​ព្នង​នៅ​មាន​ជំនាញ​ពិសេស​មួយទៀត គឺ​ចូល​ព្រៃ ដើម្បី​បរបាញ់​សត្វ រក​ជ័រ បោក​វ​ល្លិ៍ កាប់​ផ្តៅ ឈើ ឫស្សី បេះ​បន្លែ និង​ផ្លែ​រុក្ខជាតិ​នានា ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ទោះបីយ៉ាងណា ជនជាតិ​ព្នង​ទាំងនោះ មួយចំនួន​ធំ​មាន​ចំណង់​ចំណូលចិត្ត​ធ្វើស្រែ​ចម្ការ ដោយ​ការ​បុក​ដាំ​តាម​ជ្រលង​ភ្នំ ឬ តាម​ចង្កេះភ្នំ ហើយ​ទំហំ​ស្រែ​ចម្ការ​អាស្រ័យ​ទៅតាម​សមត្ថភាព​កាប់​រាន​ឆ្ការ​បាន​ទីធ្លា​ប៉ុនណា​ធ្វើ​ប៉ុន​ហ្នឹង​។​

ប្រសិនបើ​មាន​បងប្អូន​កូនចៅ​ឈឺ​ថ្កាត់ ពួកគាត់​ភាគច្រើន​ប្រើ​ឱសថ​ផ្សំ​ពី​ឫស​ឈើ សម្បក​ឈើ និង​ឆ្អឹង​សត្វព្រៃ​ជាដើម បូកផ្សំ​ជាមួយ​ការកាប់​ជ្រូក ឬ​ក្របី​ថ្វាយ​ស្រា​ជូន​អារក្ស​រក្សា​ព្រៃភ្នំ ដើម្បី​សុំ​ឱ្យ​បាន​ជាសះស្បើយ​ពី​រោគា​។ ចំពោះ​ការ​ស្លៀកពាក់​វិញ ជនជាតិ​ព្នង​ពុំ​មាន​សម្លៀកបំពាក់​ត្រឹមត្រូវ​ទេ ដោយ​គ្រាន់តែ​ពាក់​ប៉ឹង​បិទបាំង​កេរ្តិ៍ខ្មាស​បន្តិច​តែប៉ុណ្ណោះ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន​ពួកគាត់​មាន​សម្លៀកបំពាក់​ស្អាតបាត​ដូច​ខ្មែរ​កណ្តាល​ដែរ​។​

យោង​តាម​ឯកសារ របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៥៧ ដោយ​មាន​ការ​ឈ្វេងយល់​ពី​ព្រះករុណា​ជា​អម្ចាស់​ទ្រង់​ទត​ឃើញ​វិសាលភាព​ទឹកដី​ក្រចេះ មាន​ទំហំ​ធំធេង​លំបាក​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល ទើប​ទ្រង់​ព្រះតម្រិះ បែងចែក​ទឹកដី​មួយ​ភាគ​ធំ​នេះ​ទៅ​ជា​ខេត្ត​មួយទៀត គឺ​ខេត្ត​មណ្ឌលគិរី គិត​ចាប់ពី​ស្រុក​ឆ្លូងលើ​រហូតដល់​ស្រុក​កោះ​ញែក​ទល់នឹង​ព្រំប្រទល់​ទន្លេស្រែពក ស្រុក​លំផាត់ ខេត្ត​រតនគិរី ឯ​ស្រុក​ឆ្លូង​ពី​ដើម​ក៏​ដូរ​ឈ្មោះថា ស្រុក​អូររាំង​។ ក្រោយពី​បាន​ចេញ​សេចក្តីប្រកាស​ឈ្មោះ​ខេត្ត​មណ្ឌលគិរី ទើប​បែងចែក​ជា​ស្រុក​កែវ​សីមា បន្ថែមទៀត ដោយ​យក​ឈ្មោះ​តាម​ភ្នំ​កែវ​សីមា ធ្វើ​ជា​គោល​កណ្តាល​ស្រុក ហើយ​តែងតាំង​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត​ថ្មី​មក​គ្រប់គ្រង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ ដើម្បី​ជួយ​ដឹកនាំ​បងប្អូន​ខ្មែរលើ ឬ​ខ្មែរ​ភ្នំ ឱ្យបាន​រីកចម្រើន​ជឿនលឿន​។ ការរស់នៅ​ជំនាន់​នោះ​បងប្អូន​ជនជាតិភាគតិច​ព្នង គឺ​ក្នុង​មួយ​ភូមិៗ​មាន​ចំនួន​ដប់​ទៅ​ដប់​ប្រាំ​គ្រួសារ មាន​មនុស្ស​រស់​នៅ​ក្រោម ១០០​នាក់​ប៉ុណ្ណោះ​។​

សព្វថ្ងៃនេះ ដោយ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យ​ជីវភាព​របស់​បងប្អូន​ទូទាំង​ប្រទេស​ធូរធារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បងប្អូន​ខ្មែរលើ ដែល​ធ្លាប់​ជួបប្រទះ​តែ​ភាពលំបាក​នោះ ពេល​នេះ​ពួកគាត់​ក៏​មាន​ជីវភាព​រស់នៅ​សមរម្យ​នឹកស្មាន​មិន​ដល់​ឡើយ​៕ ដោយ​៖ សមុទ្រ​ឈើ​

×