Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​សម្តេច​ហ៊ុន​សែន ជួយ​រក​យុត្តិធម៌​លើ​ករណី​ក្រុមហ៊ុន​ចិន ​UDG ឈូស​កម្ទេច​ផលដំណាំ

​ខេត្ត​កោះកុង ​៖ ប្រជាពលរដ្ឋ​ចំនួន ៧​គ្រួសារ រស់នៅ​ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង បាន​អំពាវនាវ​ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​រក​យុត្តិធ៌ម​លើ​ករណី​ក្រុមហ៊ុន យូ​ឌី​ជី (UDG) នាំ​យក​គ្រឿងចក្រ និង​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន មក​គំរាម និង​បាន​ឈូស​កម្ទេច​ដំណាំ​កសិកម្ម​បំផ្លាញ​ចោល​អស់​គ្មាន​សល់​។​

ប្រជាពលរដ្ឋ ឲ្ត​ដឹងថា សកម្មភាព​ខាងលើ​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨​។ ប្រជាពលរដ្ឋរ​ង់​គ្រោះ​ទាំង ៧​គ្រួសារ បានឲ្យដឹងថា កម្លាំង​សន្តិសុខ​ក្រុមហ៊ុន UDG និង​គ្រឿងចក្រ របស់​ក្រុមហ៊ុន បាន​ឈូស​កម្ទេច​ដំណាំ​ពួកគាត់​ទាំង ៧​គ្រួសារ ព្រោះ​មិន​ព្រម​ចាកចេញ ពី​ទីតាំង​ធ្លាប់​រស់​អាស្រ័យ​ផល ដោយ​មិន​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន នៅ​ចំណុច​ប៉ោយ​ឡាំ​ធាន ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង​។ លោក ញៀប សំអឿន មន្ត្រី​សម្របសម្រួល​សមាគមន៍​អាដហុក ប្រចាំ​ខេត្ត​កោះកុង ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធ៌ម​ជូន​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ ដោយ​សន្តិវិធី​។ ជាង​នេះ ត្រូវមាន​ពិនិត្យ​ទៅលើ​សម្មភាព របស់​ក្រុមហ៊ុន​យូ​ឌី​ជី ដែល​បាន​ប្រើ​កម្លាំង​សន្តិសុខ មក​គំរាម​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ដើម្បី​បញ្ចប់​ការតវ៉ា​ទាមទារ​យុត្តិធ៌ម​ដីធ្លី របស់​ពួកគាត់ ដោយ​សន្តិវិធី​។​

​មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម បង្ហាញ​ការសោកស្តាយ និង​រិះគន់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​កោះកុង និង​ថ្នាក់​ជាតិ ដែល​អសមត្ថភាព​ក្នុ​ការជួ​យ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋរ​ង់​គ្រោះ​ដីធ្លី​ទាំង ៧​គ្រួសារ​រស់នៅ​ខេត្ត​កោះកុង ដោយ​បាន​បណ្តោយ​អោយ​ក្រុមហ៊ុន​ចិន (UDG) ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​រងគ្រោះ ពុំ​ទាន់​ទទួល​សំណង​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​នៅឡើយ​នោះ​។ លោក ញៀប សំអឿន អំពាវនាវ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ចុះ​ទៅ​រក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋរ​ង់​គ្រោះ​ទាំង ៧​គ្រួសារ ឲ្យទទួល​បាន​យុត្តិធ៌ម​ដីធ្លី​ឲ្យបាន​ឆាប់​។ ខាងក្រោម​នេះ គឺជា​សកម្មភាព​នៃ​ការ​ឈូសឆាយ​កម្ទេច​ផលដំណាំ របស់​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ នៅ​ចំនុច កៀន​ប្រង់ ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨៕ ដែន សីមា

 

×