ក្រៅពីល្បីខាងរំលោភ ឥណ្ឌាក៏ជាប្រទេសមួយ ត្រូវបានគេមើលឃើញថា ការធ្វើចរាចរណ៍មានលក្ខណៈស្មុគស្មាញ និងគ្មានសណ្តាប់ធ្លាប់ ។ ពិតមែនហើយ នៅផ្នែកមួយចំនួននៅក្នុងប្រទេសនេះ នោះរាល់ការធ្វើដំណើររបស់ប្រជាជនឥណ្ឌា បានធ្វើឲ្យគេស្រៀវសាច់ជំនួស ខណៈពួកគេធ្វើដំណើរ ជាពិសេសឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្រសព្វតែម្តង ព្រោះតែការបើកបរគ្មានរបៀប និងបើកបរលឿនៗពុំចេះគោរពគ្នា និងតែងបង្កគ្រោះថ្នាក់យ៉ាងសាហាវៗ ។
ជាក់ស្តែង ដូចករណីនេះជាដើម បានធ្វើឲ្យប៉ូលីសចរាចរណ៍ម្នាក់ និងមនុស្ស១កង់ឌុប បានជួបគ្រោះថ្នាក់ ដែលគេពុំនឹកស្មានថានឹងនៅរស់រានមានជីវិតឡើយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុង១គ្រឿង ដែលបើកបោះពួយយ៉ាងលឿនដូចខ្វាក់ភ្នែក ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញប៉ូលីសម្នាក់ បានចេញសម្រួលចរាចរណ៍ឲ្យរថយន្តដឹកទំនិញ១គ្រឿងឆ្លងផ្លូវ ដោយលើកសញ្ញាឲ្យរថយន្តបើកស្របទិសបន្ថយល្បឿន ។ ខណៈរថយន្តដឹកទំនិញនោះបានបើកឆ្លងជិតផុតផ្លូវទៅ ហើយកង់ឌុប១ក៏បានមកកៀក ស្រាប់តែឡានក្រុង១គ្រឿង បើកដូចខ្វាក់ភ្នែកបោះពួយយ៉ាងលឿន និងបុកកង់ឌុបនោះទាំងកម្រោល ឲ្យផ្ទប់នឹងរថយន្តដឹកទំនិញឡើងវេគូទ បណ្តាលឲ្យក្បាលរថយន្តទង្គិចនឹងប៉ូលីសចរាចរម្នាក់នោះខ្ទាតបោកផ្ទប់នឹងថ្នល់តែម្តង ។
ក្រោយពេលហេតុការណ៍កើតឡើង ប៉ូលីសចរាចរនោះ ក៏បានក្រោកឡើងភ្លាមៗ ជាមួយរបួសជើងយ៉ាងដំណំ ខណៈស្ត្រីម្នាក់ជិះកង់ឌុប ក៏ត្រូវបានគេជួយគ្រាលើកឡើងទាំងរបួសធ្ងន់ធ្ងរផងដែរ ៕ ចន្ទី