កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសអូស្រ្តាលីបានការពារការសម្រេចចិត្តរបស់ខ្លួនទាក់ទងទៅនឹងការបញ្ជាទិញនាវាមុជទឹករបស់បារាំងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយខ្លួនបែរជាជ្រើសរើសយកកិច្ចព្រមព្រៀងទិញនាវាមុជទឹកជំនួសវិញ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេសដោយនិយាយថា ខ្លួនបានបង្ហាញពីកង្វល់ចំពោះទីក្រុងប៉ារីសកាលពីប៉ុន្មានខែមុន។
ទង្វើរបស់ទីក្រុងកង់បេរ៉ាបានធ្វើឱ្យទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង ដែលបង្កឱ្យមានវិបត្តិការទូតដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះ ក្រុមអ្នកវិភាគនិយាយថា អាចធ្វើឱ្យខូចខាតយូរអង្វែងដល់សម្ព័ន្ធភាពអាមេរិកជាមួយបារាំងនិងអឺរ៉ុប។ បន្ថែមពីនេះ ក្រុមអ្នកវិភាគក៏បានបញ្ជាក់ថា បញ្ហានេះក៏បានធ្វើឱ្យប្រទេសចិនកាន់តែកើនឡើងឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
សហរដ្ឋអាមេរិកបានព្យាយាមបន្ធូរកំហឹងរបស់ប្រទេសបារាំងដែលជាសម្ព័ន្ធមិត្តរបស់ណាតូហើយអ្នកនាំពាក្យរដ្ឋាភិបាលបារាំងបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងមានជំនួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងនោះ ទីក្រុង ប៉ារីសបានកោះហៅអន្តរការីរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ាដើម្បីសុំការពិគ្រោះយោបល់។
នាយករដ្ឋមន្រ្តីអូស្រា្តលី លោក ស្កុត ម៉ូរីសុនបាននិយាយកាលពីថ្ងៃអាទិត្យថា៖«ខ្ញុំមិនសោកស្តាយចំពោះការសម្រេចចិត្តដាក់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីជាអាទិភាពទេ»។លោកម៉ូរីសុន បានអះអាងថា គាត់យល់ពីការខកចិត្តរបស់បារាំងចំពោះការលុបចោលការបញ្ជាទិញនាវាមុជទឹកដែលមានតម្លៃ ៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ហើយគិតគូរថានឹងត្រូវចំណាយច្រើននៅថ្ងៃនេះ។ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថា អូស្រ្តាលីត្រូវតែធ្វើការសម្រេចចិត្តជានិច្ចដើម្បីផលប្រយោជន៍ល្អបំផុតរបស់ខ្លួន។
លោកបានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា៖«នេះគឺជាបញ្ហាដែលខ្ញុំបានលើកឡើងដោយផ្ទាល់កាលពីប៉ុន្មានខែមុនហើយយើងបានបន្តពិភាក្សាបញ្ហាទាំងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិ និងបញ្ហាផ្សេងទៀត” ។
ក្រោមកិច្ចសហការសន្តិសុខត្រីភាគីថ្មីរបស់ខ្លួន អូស្ត្រាលីនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨ គ្រឿងជាមួយបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស។ ហើយកិច្ចព្រមព្រៀងដែលត្រូវបានលុបចោលដែលបានធ្វើជាមួយក្រុម Naval Group របស់ប្រទេសបារាំងក្នុងឆ្នាំ ២០១៦ គឺសម្រាប់កងនាវាមុជទឹកធម្មតា។
កិច្ចព្រមព្រៀងត្រីភាគីថ្មីនេះបានធ្វើឱ្យមានការមន្ទិលសង្ស័យចំពោះការរួបរួមដែលលោក បៃដិន កំពុងព្យាយាមបង្កើតការប្រឆាំងនឹងអំណាចដែលកំពុងកើនឡើងរបស់ចិន។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បានប្រាប់ទូរទស្សន៍ BFM ថាលោកម៉ាក្រុង នឹងស្វែងរក ការបំភ្លឺ អំពីការលុបចោលការហៅទូរស័ព្ទរបស់លោកជាមួយលោក បៃដិន។
បន្ទាប់មកការពិភាក្សានឹងត្រូវធ្វើឡើងផ្នែកលើកិច្ចសន្យា ជាពិសេសសំណងសម្រាប់ភាគីបារាំង។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោក Peter Dutton បាននិយាយថា ទីក្រុងកង់បេរ៉ាជាប្រទេសបើកចំហរ និងស្មោះត្រង់ជាមួយបារាំងអំពីកង្វល់របស់ខ្លួន។ ហើយលោកបានបដិសេធ មិនបង្ហាញពីថ្លៃដើមនៃកិច្ចព្រមព្រៀងថ្មីនេះទេដោយគ្រាន់តែនិយាយថា វានឹងមិនក្លាយជាគម្រោងថោកទេ៕ ប្រភព៖ រ៉យទ័រ